(កំពង់ចាម)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាន់តែខិតជិតចូលមកដល់ហើយនោះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បាននិងកំពុងតែត្រៀម យ៉ាងយកចិត្ដទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សម្រាប់ដំណើរការបោះឆ្នោតដ៏ធំមួយនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ជាក់ស្ដែងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំគណៈស្នងការទទួលចុះជួយស្រុក ក្រុង និងបានចុះត្រួតពិនិត្យកម្លាំងនគរបាល នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារនៅស្រុកព្រៃឈរ។
លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា ការចុះត្រួតពិនិត្យកម្លាំងនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ ណែនាំ អប់រំ របៀបរបបការងារ ក្នុងការការពារដំណើរការយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ ឲ្យបានជោគជ័យនាពេលខាងមុខនេះ។
ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានណែនាំបន្ថែមទៀត អំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃ និងការផ្លាស់ប្តូរវេនធ្វើការ ទៅតាមគោលការណ៍ និងផែនការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានឲ្យដឹងដែរថា សម្រាប់កម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ដែលត្រៀមរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតនេះ មានចំនួន៤,០២៨នាក់ ដោយមានទាំងកម្លាំងត្រៀមអន្ដរាគមន៍២៤ម៉ោង លើ២៤ម៉ោង និងកម្លាំងដែលរៀបចំតាមផែនការ៕