(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា នៅថ្ងៃទី១៩ ខែមិថុនា ២០១៨នេះ ក្នុងនាមមន្ត្រី-បុគ្គលិកអង្គភាពសុីម៉ាក់ទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរារដ្ឋាភិបាល ដែលបានសម្រេចបញ្ចូលក្របខណ្ឌមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់ទាំងអស់ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទជាផ្លូវការ។
លោកថា កាបញ្ចូលក្របខណ្ឌនេះ នៅពេលបញ្ចប់ភារកិច្ចក្នុងកិច្ចសន្យា និងអ្នកចូលវិវត្តន៍ ពលី ពិការ បាត់បង់លទ្ធភាពពលកម្ម។
លោក ហេង រតនា ក៏បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «សូមគោរពអរគុណផងដែរចំពោះ សម្តេចពិជ័យសេនា ដែលបានគោរពស្នើសុំការបញ្ចូលក្របខណ្ឌ័នេះ ជូនសម្តេចតេជោ ទន្ទឹងនឹងនេះ ក៏សូមអរគុណគណ:កម្មការបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្តិនៃក្រសួងការពារជាតិ ដែលបានខិតខំយ៉ាងមមាញឹកលើការងារនេះ»។
លោកបានបញ្ជាក់ទៀតថា អង្គភាពសុីម៉ាក់ជាស្ថាបន័ជាតិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ តាមភារកិច្ចមានចែងក្នុងព្រះរាជក្រឹត្យ និងព្រះរាជក្រម! ក្រោយទទួលបាននូវសេចក្តីសម្រេចរបស់ សម្តេចតេជោនេះ គណៈកម្មការបញ្ចូលក្របខណ្ឌ នឹងខិតខំផ្តល់ជូនបងប្អូនជាវិវត្តន៍ជន បាត់បង់លទ្ធភាពពលកម្ម និងគ្រួសារពលី ឱ្យបានឆាប់បំផុត៕