(ភ្នំពេញ)៖ ប្រជាពលរដ្ឋចាស់ជរា ទីទាល់ក្រជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ចំនួន៦គ្រួសារ រស់នៅក្នុងភូមិ៤ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោកស្រី សួស សូលីដា ប្រធាន និងអនុប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខណ្ឌ រួមដំណើរដោយសហការីមួយចំនួន តំណាងឱ្យលោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌ បានពាំនាំយកនូវអំណោយគ្រឿងឧបភោគ បរិភោគមកប្រគល់ជូនពួកគាត់ ក្នុង១គ្រួសារមានអង្ករ២០គីឡូក្រាម ថវិកាចំនួន៤ម៉ឺនរៀលស្មើៗគ្នា ដើម្បីជួយផ្គត់ផ្គង់លើកកម្ពស់តាមគ្រួសារនិមួយៗ គ្រាដែលកំពុងត្រូវការជុំនួយយ៉ាងចាំបាច់។
ក្នុងឱកាសប្រគល់ និងទទួលអំណោយនេះដែរ លោកស្រី អាន ផល្លា បានថ្លែងថា ដោយមានការចង្អុលបង្ហាញចំគោលដៅ និងផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហាខ្វះខាត និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព មានការអភិវឌ្ឃន៍ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋទាំង៦គ្រួសារ បានប្រកាសប្ដេជ្ញាចិត្តដឹកនាំក្រុមគ្រួសារ បន្ដទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត៕