Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ី ជីនពីង៖ សេដ្ឋកិច្ច និងការស្រាវជ្រាវសមុទ្រ ជាគន្លឹះសំខាន់ សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសចិន (Video inside)

19-06-2018 18:20

(ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការស្រាវជ្រាវផ្នែកសមុទ្រ ជាគន្លឹះដើម្បីកសាងជាតិដ៏រឹងមាំមួយ។ លោកបានថ្លែងដូច្នេះនៅ ក្នុងពិធីចុះត្រួតពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវជាតិមួយ នៅក្នុងទីក្រុង ឈីងតាវ ខេត្ត សានតុង ភាគខាងកើតប្រទេសចិន។

លោក ស៊ី បានធ្វើទស្សនកិច្ច នៅឯមជ្ឈមណ្ឌលស្រាវជ្រាវ សម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសមុទ្រ កាលពីព្រឹកថ្ងៃអង្គារ៍ ក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យ នៅក្រុងឈីងតាវ។

នៅឯមជ្ឈមណ្ឌល លោក ស៊ី បានសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍ នៃវិទ្យាសាស្ត្រទំនើបសំខាន់ៗ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដោយឯករាជ្យ នៃឧបករណ៍សមុទ្រដ៏មានតម្លៃ ព្រមទាំងការលើកកម្ពស់ សមាហរណកម្មយោធា និងស៊ីវិលផងដែរ។

លោក ស៊ី ជីនពីង បានថ្លែងថា «ការកសាងប្រទេសសមុទ្រដ៏រឹងមាំមួយ ជាជំនឿដែលខ្ញុំតែងតែមានយូរណាស់មកហើយ។ ពួកយើងត្រូវផ្តោតទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រសមុទ្រ។ ចំណេះដឹងរបស់ពួកយើងអំពីសមុទ្រ មានការកើនឡើងបន្តិចម្ដងៗ ហើយពួកយើងគួរតែយកចិត្តទុកដាក់ និងសិក្សាអំពីសមុទ្រ ក៏ដូចជាបង្កើតយុទ្ធសាស្ត្រសមុទ្រ។ សម្រាប់ជំហ៊ានបន្ទាប់ ពួកយើងគួរផ្ដោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងស្រាវជ្រាវសមុទ្រ»

លោកលើកឡើងថា «បច្ចេកវិទ្យាដ៏សំខាន់គួរតែត្រូវបានបង្កើតឡើងដោយឯករាជ្យ។ ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចសមុទ្រ ពិតជាមានអនាគតត្រចះត្រចង់។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាអាចបង្កើត កិច្ចខិតខំប្រឹងប្រែងដ៏ជាប់លាប់ សម្រេចបានជោគជ័យ និងចូលរួមចំណែកបន្ថែមទៀតជាមួយប្រទេសជាតិ»៕ (សារព័ត៌មាន CCTV របស់ចិន)