(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានរៀបចំនូវសន្និសីទសារព័ត៌មានមួយ នៅអគារទីស្នាក់ការរបស់ខ្លួន ស្តីពី ការដាក់ឱ្យដំណើរការបឋម នូវប្រព័ន្ធជួញដូរចល័ត (Mobile Trading System) សម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការយល់ដឹងរបស់វិនិយោគិន ក៏ដូចជាសាធារណៈជនអំពីប្រព័ន្ធថ្មីនេះ។

អគ្គនាយករង CSX លោក Jong Weong Ha បានថ្លែងថា ប្រព័ន្ធជួញដូរចល័ត ឬហៅកាត់ថា MTS នឹងត្រូវដាក់ឱ្យដំណើរការបឋមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុនព័ត៌មានវិទ្យាឈានមុខគេមួយ មកពីសាធារណរដ្ឋកូរ៉េ ក្រោមការជួយគាំទ្រពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលមានតម្លៃប្រមាណ៣៨ម៉ឺនដុល្លារអាមេរិក ក្នុងគោលដៅជួយសម្រួល និងជំរុញការជួញដូរមូលបត្រកម្មសិទ្ធិដែលចុះបញ្ជីនៅ CSX ។

លោកបន្តថា តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ វិនិយោគិននឹងទទួលបានពិសោធន៍នៃភាពឆាប់រហ័ស សុវត្ថិភាព និងភាពងាយស្រួល ក្នុងការវិនិយោគភាគហ៊ុន ដោយវាបានបំពាក់មកនូវមុខងារសំខាន់ៗជាច្រើន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ពីគ្រប់ទីកន្លែងអាចដាក់បញ្ជាទិញ-លក់ និងត្រួតពិនិត្យគណនីជួញដូរបានដោយខ្លួនឯង តាមរយៈស្មាតហ្វូន និងថេបប្លេតដែលតភ្ជាប់ជាមួយអ៊ិនធើណេត។

លោកអគ្គនាយករង បានថ្លែងបន្ថែមថា ដើម្បីអាចប្រើប្រាស់ MTS បាន វិនិយោគិនចាំបាច់ត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយ ដែលជាសមាជិក របស់CSX និងដែលបានចុះឈ្មោះនៅ CSX ធ្វើជាអ្នកផ្តល់សេវា MTS ។ វិនិយោគិនមានជម្រើសស្នើសុំដំណើរការគណនី MTS បានដោយខ្លួនឯង ដោយគ្រាន់តែចូលទៅកាន់ https://mts.csx.com.kh និងអនុវត្តន៍តាមការណែនាំ ឬទាក់ទងដោយផ្ទាល់ទៅកាន់ភ្នាក់ងារក្រុមហ៊ុនមូលបត្ររបស់ខ្លួនដើម្បីស្វែងរកជំនួយ ដោយពុំចាំបាច់អញ្ជើញទៅដល់ក្រុមហ៊ុនមូលបត្រឡើយ។ ប្រព័ន្ធនេះ ត្រូវដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ អំឡុងពេលនៃការដាក់ឱ្យដំណើរការបឋម និងបន្តសម្រាប់រយៈពេលមួយឆ្នាំទៀត ចាប់ពីកាលបរិច្ឆេទដាក់ឱ្យដំណើរការជាផ្លូវការ ដែលនឹងជម្រាបជូននាពេលក្រោយ។

គួររម្លឹកផងដែរថា មុនពេលដាក់ឱ្យដំណើរការប្រព័ន្ធនេះ ដើម្បីអាចទិញលក់ភាគហ៊ុនបាន វិនិយោគិនត្រូវបង្គាប់ទៅភ្នាក់ងារក្រុមហ៊ុនមូលបត្រ តាមរយៈអ៊ីម៉ែល ឬទូរស័ព្ទ ឬទៅកាន់ក្រុមហ៊ុនមូលបត្រផ្ទាល់ ដើម្បីឱ្យភ្នាក់ងារមូលបត្រដាក់បញ្ជាតាមរយៈប្រព័ន្ធកុំព្យូរទ័រមកប្រព័ន្ធជួញដូររបស់ CSX។ បច្ចុប្បន្ន មានក្រុមហ៊ុនមូលបត្រចំនួន ០៩ ហើយដែលបានចុះឈ្មោះនៅ CSX ដើម្បីផ្តល់សេវានេះទៅដល់វិនិយោគិនដែលរួមមាន៖ ខេប ស៊ីឃ្យួរឹធី លីមីធីត, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី, យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី, ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី, អ អេច ប៊ី ឥណ្តូឆៃណា ស៊ីឃ្យួរឹធី ម.ក, កាណា ស៊ីឃ្យួរឹធី អិលធីឌី, ខេមបូឌា-វៀតណាម ស៊ីឃ្យួរឹធី ភីអិលស៊ី, ហ្គោលដេន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី។ ដូច្នេះ វិនិយោគិនដែលជាអតិថិជនរបស់ក្រុមហ៊ុនមូលបត្រខាងលើអាចធ្វើការសាកសួរព័ត៌មានបន្ថែម និងធ្វើការស្នើសុំប្រើប្រាស់ប្រព័ន្ធនេះចាប់ពីថ្ងៃដាក់ឱ្យដំណើរការបឋមខាងមុខនេះតទៅ។

គួរបញ្ចាក់ផងដែរថា CSX នឹងដាក់ឱ្យដំណើរការបន្ថែមនូវមុខងារស្នើដាក់ប្រាក់ (Cash Deposit) ក្នុងពេលឆាប់ៗនេះ។ មុខងារថ្មីនេះនឹងជួយសម្រួលដល់វិនិយោគិន ក្នុងការស្នើដាក់សាច់ប្រាក់ចូលគណនីជួញដូរ ដោយពុំចាំបាច់ទៅកាន់ធនាគារ។
ដើម្បីអាចប្រើប្រាស់មុខងារនេះបាន វិនិយោគិនត្រូវស្នើសុំការដំណើរការជាមុន (Activation) ដោយបញ្ចូលលេខគណនីរបស់ខ្លួន ដែលមាននៅភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ ដែលក្រុមហ៊ុនមូលបត្រ (Broker) របស់វិនិយោគិនប្រើប្រាស់៕