(ប៉ៃលិន)៖ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត ចុះរៀបចំតុបតែងកែលម្អ និងដាំផ្កាបន្ថែម នៅសួនច្បារពុះចែកទ្រូងផ្លូវ នៅក្នុងទីរួមខេត្តប៉ៃលិន ចាប់ពីចំណុចមុខវត្តកោងកាង រហូតដល់ចំណុចភូមិគ្រឹះលោក អ៊ី ឈាន។
លោក ផាន់ ចាន់ធុល បានថ្លែងថា បច្ចប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃនេះ លោកបានដឹកនាំ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត ចុះរៀបចំតុបតែងកែលម្អ និងដាំផ្កាបន្ថែម នៅសួនពុះចែកទ្រូងផ្លូវ ក្នុងទីរួមខេត្ត ក្នុងគោលបំណងចង់ឱ្យមន្ត្រីរាជការបង្ហាញពីចូលរួមចំណែក ក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់មន្ទីរអង្គភាពជំនាញជុំវិញខេត្តទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះការដាំផ្កា និងការថែទាំ ទៅតាមគោលដៅរបស់ខ្លួន ដែលរដ្ឋបាលខេត្ត បានបែងចែកដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។
សូមបញ្ជាក់ថា ដើមផ្កាដែលយកមកដាំនៅតាមសួនពុះចែកទ្រូងផ្លូវ ក្នុងទីរួមខេត្តនាពេលនេះ គឺជាប្រភេទរុក្ខជាតិ ដែលធន់ទៅនឹងអាកាសធាតុ ងាយស្រួលក្នុងការដាំ និងថែទាំ ដោយចំណាយថវិកាផ្ទាល់ របស់លោកអភិបាលខេត្ត៕