Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើម្បីការងារសង្គមនិស្សិតច្បាប់មួយក្រុម នាំគ្នាចែកសម្ភារៈសិក្សាដល់កុមារ និងដាំដើមឈើនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ រយៈពេល២ថ្ងៃ

19-06-2018 17:17

(ពោធិ៍សាត់)៖ សព្វថ្ងៃការងារសង្គម ត្រូវបាននិស្សិតដែលរៀនតាមសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការធ្វើសកម្មភាពបែបនេះ ដោយស្ម័គ្រចិត្ត។

ការងារសង្គមនោះទៀតសោធ ភាគច្រើនជាការងារមនុស្សធម៌ និងការងារបរិស្ថានតែម្តង ដែលសកម្មភាពនេះ និស្សិតទាំងនោះជឿថា នឹងបណ្តុះគំនិត ធ្វើឲ្យកុមារជាទីស្រឡាញ់របស់ប្រទេសជាតិយើង កាន់តែមានការខិតខំ ក្នុងការសិក្សារៀនសូត្រ ស្រឡាញ់ធម្មជាតិ ឬក្លាយជាមនុស្សជំនាន់ក្រោយ ដែលមានគំនិត តបស្នងក្នុងការធ្វើអំពើល្អ ទៅមនុស្សជំនាន់ក្រោយៗទៀតផងដែរ។

ជាក់ស្តែង កាលពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០១៨ និស្សិតមួយក្រុមជាពិសេសនិស្សិតច្បាប់ បានសហការគ្នា បង្កើតកម្មវិធីសប្បុរសធម៌ ធ្វើដំណើរទៅកាន់សាលាបឋមសិក្សាអណ្ដូងស្វាយ និងរលាស្រងាំ ស្ថិតក្នុងភូមិរ៉ាថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៏សាត់ ដើម្បីចែកសម្ភារៈសិក្សាដល់កុមារ និងដាំដើមឈើប្រណិត នៅក្នុងសហគមន៍នោះ។ កម្មវិធីនេះ ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត និងធ្វើអំណោយទាន ដល់ចាស់ជរាជាច្រើននាក់ផងដែរ។

តំណាងឲ្យក្រុមនិស្សិតសប្បុរសធម៌ ព្រះតេជគុណ ម៉េងទៀង បានមានសង្ឃដីកាថា ក្រុមនិស្សិតពិតជាត្រូវការខ្លាំងណាស់ នូវការចូលរួមអភិវឌ្ឍន៍សង្គមយើងមួយនេះ ឲ្យកាន់តែប្រសើរឡើង ដូច្នេះហើយសកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា យុវជនមិននៅស្ងៀម ឬមិនអើពើចំពោះសង្គមនោះទេ។ ព្រះអង្គបានមានសង្ឃដីកាបន្តថា ការលះបង់ ភាពស្មោះត្រង់ និងការសង្រោះ គឺជាភាពចាំបាច់បំផុតដែលត្រូវចូលរួមទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសហគមន៍ ទាំងអស់គ្នាដើម្បីការអប់រំ។

ជាមួយគ្នានេះ គណៈកម្មការទ្រទ្រង់សាលា បានថ្លែងសរសើរសកម្មភាពនេះ ជាការរួមចំណែកលើកស្ទួយវិស័យអប់រំ លើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ រក្សាវប្បធម៌ជាតិខ្មែរ និងអប់រំឲ្យសិស្សានុសិស្សមានការយល់ដឹងច្រើនអំពីការរៀបចំខ្លួនក្លាយជា «កូនល្អ សិស្សល្អ និងមិត្តល្អ» ក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ទន្ទឹមនឹងនេះផងដែរ លោកប្រធានភូមិ បានថ្លែងអំណរគុណ និងសំណូមពរឲ្យមានកម្មវិធីសប្បុរសធម៌បែបនេះជាច្រើនទៀត និងបានណែនាំឲ្យកុមារៗ ចេះយកតាមតម្រាប់សិស្សច្បងទាំងអស់ ដែលមកពីសាកលវិទ្យាល័យនៅភ្នំពេញ ដើម្បីឲ្យពួកគេក្លាយជាទំពាំងស្នងសកម្មភាពទាំងនេះ សម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។

ជាចុងក្រោយ ព្រះតេជគុណ ម៉េងទៀង បានមានសង្ឃដីកាថ្លែងអំណរគុណដល់ព្រះករុណាគុណម្ចាស់ សប្បុរសជននានា និស្សិត ជាពិសេសអាជ្ញាធរដែនដី រួមទាំងលោកនាយក លោកគ្រូអ្នកគ្រូ ដែលបានចូលរួមទាំងកំលាំងកាយ កំលាំងចិត្ត និងថវិកាដើម្បីគាំទ្រឲ្យកម្មវិធីមួយនេះ ប្រព្រឹត្តទៅដោយរលូនរហូតតាំងពីដើមដល់ចប់ ប្រកបដោយភាពជោគជ័យ និងសូមប្រសិទ្ធិពរជ័យដល់អ្នកចូលរួមទាំងអស់ ជួយប្រទះតែសេចក្ដីសុខគ្រប់ប្រការ។ ព្រះអង្គ ក៏បានសំណូមពរ ឲ្យមានការឧបត្ថម្ភបន្ថែមទៀត ពីសំណាក់សប្បុរសជននានា ដើម្បីគាំទ្រឲ្យមានសកម្មភាពបែបនេះ កាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា៕