(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយកទីចាត់ការឃោសនា ព័ត៌មាន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសថ្កោលទោសចំពោះ សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស។ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក មកលើនាយទាហាន នៃកងយោធពលខេមរភូមិន្ទ។
បន្ថែមពីនេះ ឧត្ដមសេនីយ៍ឯក ខឹម សន ក៏បានប្រកាសគាំទ្រនូវ សេចក្ដីថ្លែងការណ៍ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងសេចក្តីថ្លែងការរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម របស់ក្រសួងរតនាគាអាមេរិក ដោយចោទប្រកាន់គ្មានមូលដ្ឋាន ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស។
លោកឧត្ដមសេនីយ៍ឯក ខឹម សន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលសហរដ្ឋអាមេរិកសម្រេចនេះ គឺជាការរំលោភច្បាប់ និងការបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយ ពុំស្ថិតនៅក្រោម ច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ម្យ៉ាងទៀត ការសម្រេចដែលធ្វើឡើង តាមទំនើងចិត្តរបស់សហរដ្ឋអាមេរិកនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំទាំងអស់គ្នា ពិតជាពុំ អាចទទួលយកបានឡើយ»។
លោកឧត្ដមសេនីយ៍ឯក ខឹម សន ក៏បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះវិធានការនេះ ហើយអំពាវនាវឱ្យក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មណាមួយ មកលើសមាជិក នៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា ប្រតិកម្មភ្លាមៗ របស់កងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស៕