(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានប្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តសៀមរាបថា ដើម្បីទទួលបាននូវកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន បន្ដទៅទៀតនោះ ពលរដ្ឋទាំងអស់ ត្រូវតែទៅបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
បើតាមលោកអភិបាលខេត្តសៀមរាប ដើម្បីបន្ដការអភិវឌ្ឍនោះ ត្រូវនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី២០ ព្រោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន មានទស្សនៈវិស័យវែងឆ្ងាយ គឺហ៊ានសន្យា ហ៊ានធ្វើ មិនដែលរត់ចោលពលរដ្ឋណាម្នាក់នោះទេ។
ការថ្លែងរបស់ លោក ឃឹម ប៊ុនសុង ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបានបើកការដ្ឋានជួសជុល និងពង្រីក ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៤,១៦៨ម៉ែត្រ ស្ថិតក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកអភិបាលខេត្តសៀមរាប ក៏បានលើកឡើងនូវអនុសាសន៍ល្អៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ ពីការគិតគូរខ្ពស់ប្រកបដោយចក្ខុវិស័យ ដើម្បីវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ស្រុកជីក្រែង គឺជាមូលដ្ឋានសមរភូមិក្តៅ ក្នុងការប្រយុទ្ធរវាងកងទ័ពរាជរដ្ឋាភិបាល និងក្រុមឧទ្ទាមខ្មែរក្រហម ហើយបច្ចុប្បន្ននេះ បានមានការអភិវឌ្ឍ លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកផងដែរ ហើយក្រោមគោលមាគ៌ាដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាព ពេញផ្ទៃប្រទេស។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តសៀមរាប ក៏បានអញ្ជើញចុះត្រួតពិនិត្យកំណាត់ផ្លូវដីក្រហម ប្រវែង៩ពាន់ម៉ែត្រ ចូលទៅឃុំគោកធ្លកលើ ដែលរងការខូចខាត និងត្រូវធ្វើការជួសជុលផងដែរ។ ដើម្បីជាអនុស្សាវរីយ៍ ក្នុងឱកាសបើកការដ្ឋានជួសជុលផ្លូវមួយខ្សែនេះ លោកបានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលបានចូលរួមពិធី ចំនួន៥៧៦នាក់ ដោយម្នាក់ៗ២ម៉ឺនរៀល៕