(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលកម្ពុជា (COCC) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ច្រានចោលទាំងស្រុងនូវ របាយការណ៍១៥ទំព័រ អង្គការ ANFREL ដែលចោទប្រកាន់ថា មានភាពចុះខ្សោយនៃការប្រកួតប្រជែង និងបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកាសែតដឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ព្រមទាំងគណៈបក្សសង្គ្រោះជាតិ គ្មានវត្តមាននៅកម្ពុជាតទៅទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការសម្របសម្រួលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះ បានឱ្យដឹងថា របាយការណ៍របស់ អង្គការ ANFREL កាលពីថ្ងៃទី១៥ ខែមិថុនានោះ គឺគ្រាន់តែជាលេស ដែលធ្វើឡើងដោយមានចេតនាទុច្ចរិត ធ្វើការវិនិច្ឆ័យអវិជ្ជមានជាមុន លើដំណើរការបោះឆ្នោត និងសភាពការណ៍នយោបាយនៅកម្ពុជា។

បើតាមគណៈកម្មាធិការសម្របសម្រួលកម្ពុជា លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺអាស្រ័យលើការចូលរួម និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនអាស្រ័យលើមាន ឬគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិនោះទេ ហើយក៏មិនមែនលើការមាន ឬគ្មានកាសែតដឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ដែលជាសម្ព័ន្ធមិត្តដ៏ឧត្តុង្គឧត្តមរបស់ ANFREL នោះដែរ។ ចំណែកឯរឿង ជំនឿទុកចិត្តនៃការបោះឆ្នោតវិញនោះ ក៏មិនមែនអាស្រ័យលើវត្តមានអ្នកសង្កេតការណ៍របស់អង្គការ COMFREL និង NICFEC នោះដែរ។

គណៈកម្មាធិការស្របសម្រួលកម្ពុជា មើលឃើញថា របាយការណ៍របស់អង្គការ ANFREL គឺពិតជាមានឧបាយកលទុច្ចរិត ប៉ុនប៉ងបំផ្លិចបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនអាចប្រកែកបាន។ របាយការណ៍របស់អង្គការនេះ គឺជាទឡ្ហីករណ៍ទុច្ចរិត និងស្មោកគ្រោកជាទីបំផុត និងជាទង្វើអគតិរបស់អង្គការនេះ ដែលមានទុច្ចរិតបំផ្លិចបំផ្លាញ សេចក្តីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រជាជាតិខ្មែរ យ៉ាងពិតប្រាកដ៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការសម្របសម្រួលកម្ពុជា៖