(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា សុខសន្តិភាពជាកត្តាសត្យានុម័តចម្បងបំផុត ដែលនាំឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ និងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពេលបានអញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីរាជការ លោកតាលោកយាយ តាជីយាយជី និងប្រជាពលរដ្ឋប្រមាណ ១,២៥៦នាក់។

ចំពោះមុខប្រជាពលរដ្ឋដ៏ច្រើនកុះករនោះ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញនូវសមិទ្ធផលជាច្រើននៅក្នុងប្រទេសកម្ពុជាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ផ្នែកអាណាចក្រមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងសាលារៀនជាដើម ចូលរួមបម្រើជាប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ដោយឡែកផ្នែពុទ្ធចក្រទីអារាមបានកើតមានច្រើន ដើម្បីរួមចំណែកពង្រឹងវិស័យព្រះពុទ្ធសាសនាបំពេញតាមបំណងប្រាថ្នាប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកគោរពប្រណិប័តន៍ចំពោះព្រះពុទ្ធសាសនា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលស្រុកកោះធំទទួលបានផងដែរ ដែលក្នុងរួមមាន៖ ស្ពានឆ្លងទន្លេបាសាក់ប្រវែង ៤១៥ម៉ែត្រ ស្ពានជ្រៃធំកម្ពុជា-វៀតណាម ប្រវែង ៤២៨ម៉ែត្រ ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ ផ្លូវលំ ១៩ខ្សែប្រវែងសរុប ១០៣២៨ម៉្រែត និងសមិទ្ធផលនានាជាច្រើនទៀតក្នុងវិស័យសាសនាផងដែរ។

រដ្ឋមន្ត្រីដែលកំពុងទទួលបានកោតសរសើរច្រើនលើស្នាដៃការងារបម្រើរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះមិនអាចកើតមានបានឡើយប្រសិនបើកម្ពុជាមិនមានសុខសន្តិភាពទេនោះ។ លោក ស៊ុន ចាន់ថុល ដែលជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាដែរនោះ បានលើកឡើងបន្តថា សុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនេះ បានផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាលអាចទាក់ទាញអ្នកវិនិយោគឲ្យមកកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋ អាចទាក់ទាញអ្នកទេសចរណ៍មកលេងកម្ពុជាប្រមាណ ៦លាននាក់ក្នុងមួយឆ្នាំ និងផ្តល់ឱកាសរកទីផ្សារលក់កសិផលនៅបរទេសផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកកោះធំ ក៏ដូចជាប្រជាពរដ្ឋទូទាំងប្រទេសទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ លោក ស៊ុន ចាន់ថុល ក៏បានឆ្លៀតអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី២០ ដែលម្ចាស់ស្ថាបនិកសន្តិភាព ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងកសាងជាតិមាតុភូមិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕