(ភ្នំពេញ)៖ អតីតបុគ្គលិក នៃស្ថានទូតអាមេរិកចំនួន៦នាក់ ដែលបានទៅដាក់ញត្តិនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាលើកទី២ តំណាងឱ្យអតីតបុគ្គលិកទាំង៣២នាក់ ដែលរងការបណ្តេញចេញពីការងារ យ៉ាងអយុត្តិធម៌ជាទីបំផុត បានប្រកាសឱ្យស្ថានទូតអាមេរិក បង្ហាញភស្តុតាងច្បាស់លាស់ ដល់ពួកគាត់ អំពីមូលហេតុនៃការបណ្តេញចេញពីការងារនេះ។
ការលើកឡើងរបស់ អតីតបុគ្គលិកស្ថានទូតអាមេរិក ដែលត្រូវបណ្ដេញពីការងារនេះ បានធ្វើឡើងរសៀល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីពួកគាត់បានបន្ដមកដាក់ញ្ញត្តិនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាលើកទី២។
អតីតបុគ្គលិកស្ថានទូតអាមេរិក បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំ ដើម្បីឱ្យអស់មន្ទិលសង្ស័យ គឺសូមឱ្យស្ថានទូតអាមេរិកបង្ហាញភស្តុតាង ដែលបានចោទប្រកាន់ឡើងវិញ ហើយស្រាវជ្រាវឯកសារទាំងអស់ឡើងវិញ ពីព្រោះការចោទប្រកាន់ វាហាក់ដូចជាអាថ៌កំបាំងមួយអញ្ចឹង ដើម្បីឱ្យមានតម្លាភាពទាំងអស់គ្នា ត្រូវបង្ហាញអ្វីដែលបានចោទ ប្រកាន់មកលើយើងតាំងអស់គ្នា ដើម្បីឱ្យដឹងអ្នកណាខុសអ្នកណាត្រូវ»។
ពលរដ្ឋខ្មែរដែលជួបនូវអំពីអយុត្តិធម៌ ពីស្ថានទូតអាមេរិកដែលប្រកាសថា ខ្លួនជាបិតាធិបតេយ្យនោះ បានបង្ហាញពីក្តីសង្ឃឹមថា ការដាក់ញ្ញាតិ នៅក្រសួងការងារ នឹងទទួលបានភាពយុត្តិធម៌ និងសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នឹងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ ដែលរងការចោទប្រកាន់ដោយ គ្មានភស្តុតាងច្បាស់លាស់។
បន្ទាប់ពីការដាក់ញត្តិទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួចហើយនោះ ពួកគាត់បានទទួលការឆ្លើយតបពីក្រសួងវិញ ដោយកំណត់យកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ក្រសួងនឹងអញ្ជើញពួកគាត់ទាំង២៧នាក់ ដែលមានស្នាមមេដៃក្នុងញត្តិមកជួបគ្នា ដើម្បីធ្វើការដោះស្រាយជាថ្មីម្ដងទៀត។ តែទោះជាយ៉ាងណា អតីតបុគ្គលិកស្ថានទូតអាមេរិក បានបន្តថា ពួកគាត់នឹងតវ៉ារហូតទទួលបានផ្លែផ្កាជាវិជ្ជមានណាមួយ ដល់ពួកគាត់ទាំងអស់គ្នា ប្រសិនបើគ្មានការដោះស្រាយណាមួយ ពួកគាត់នឹងមិនបញ្ឈប់នូវការតវ៉ានោះទេ។
ជាមួយគ្នានេះ អតីតបុគ្គលិក បានស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា លោក William A. Heidt ពិចារណាចំពោះការបណ្តេញពួកគេចេញពីការងារ ដោយភាពអយុត្តិធម៌នេះ ដោយគ្មានភស្តុតាង គ្មានហេតុផល គឺមិនអាចទទួលយកបាននោះទេ៕