(ភ្នំពេញ)៖ លោក ផែង វណ្ណៈ ដែលត្រូវបានគេស្គាល់ថា ជាអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Facebook ដ៏សកម្មមួយរូប ត្រូវបានជនអនាមិកចូលវាយប្រហារ (Hack) Page Facebook របស់លោក យកទៅប្រើប្រាស់អស់រយៈពេលរាប់ខែមកហើយ។
ជនអនាមិកទាំងនោះដែលបានគ្រប់គ្រងទាំងស្រុងលើ Page Facebook បានបង្ហោះខ្លឹមសារជាបន្តបន្ទាប់ដោយគ្មានការពិត និងប្រឌិតជាហូរហែដែលនាំឲ្យមានការយល់ច្រឡំយ៉ាងខ្លាំង ពីសំណាក់ មជ្ឈដ្ឋានជាច្រើន។ ជាក់ស្តែងនៅរយៈពេលចុងក្រោយនេះ ជនអនាមិកបានយកទៅបង្ហោះខ្លឹមសារពាក់ព័ន្ធការវាយប្រហារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងខ្លាំង។
ជាការឆ្លើយតបវិញ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ផែង វណ្ណៈ បានបន្តចេញមកប្រកាសបដិសេធ និងទាត់ចោលទាំងស្រុងចំពោះខ្លឹមសារ ដែលជនអនាមិកយកទៅបង្ហោះនៅលើ Page Facebook «ផែង វណ្ណៈ» ដែលពួកគេបាន Hack យកទៅគ្រប់គ្រងទាំងស្រុងអស់រយៈពេលប៉ុន្មានខែមកហើយ។
លោកបានបញ្ជាក់ថា ចំពោះករណីនេះ លោកបានដាក់ពាក្យបណ្តឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិរួចហើយដែរ ក្រោយពេលដែលជនអនាមិកបានចូលវាយប្រហារ និងយកទៅគ្រប់គ្រងនោះ។
បើតាមលោក ផែង វណ្ណៈ បន្ទាប់មានការបង្ហោះខ្លឹមសារវាយប្រហារទៅលើថ្នាក់ដឹកនាំនាពេលថ្មីៗនេះ បានធ្វើឲ្យថ្នាក់ដឹកនាំជាច្រើនមានការយល់ច្រឡំយ៉ាងខ្លាំង៕