(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីទិសដៅពង្រឹង ពង្រីក លើកកម្ពស់គុណភាពបង្រៀន រៀនស្រាវជ្រាវ និងសេវាកម្ម សំដៅពង្រឹងគុណភាពសិក្សាស្រាវជ្រាវ សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈល្អប្រពៃរបស់ខ្លួនបន្ថែមទៀត ដោយមានគណៈគ្រប់គ្រងបុគ្គលិក សាស្រ្តាចារ្យ នៅទីតាំងគោលរាជធានីភ្នំពេញ និងសាខាខេត្ត (ប្រាំមួយទីតាំង) ចូលរួមសរុបប្រមាណជាជិត ៣០០នាក់ នៅរសៀលថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

បន្ទាប់ពីមតិស្វាគមន៍បើកអង្គប្រជុំលោកបណ្ឌិត ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា អង្គប្រជុំបានស្តាប់បទឧទ្ទេសនាម និងការចូលរួមយោបល់ល្អៗរបស់វាគ្មិនលើប្រធានបទជាច្រើនទាក់ទងការពង្រឹងពង្រីក លើកកម្ពស់គុណភាព បង្រៀន រៀន ស្រាវជ្រាវពីសំណាក់សាស្រ្តាចារ្យបណ្ឌិត អនុបណ្ឌិតជាច្រើនរូប។ ក្នុងនោះអង្គប្រជុំ បានសង្កត់ធ្ងន់ថា៖ «សាស្រ្តាចារ្យដើរតួនាទីដ៏សំខាន់នៅក្នុងវិស័យអប់រំ បើគ្មានសាស្រ្តាចារ្យ ការអប់រំមិនអាចប្រព្រឹត្តិទៅបានដោយរលូននោះទេ។ ម្យ៉ាងវិញទៀតសាស្រ្តាចារ្យដើរតួច្រើនយ៉ាងក្នុងវិស័យដូចជា ជាអ្នកអប់រំ អ្នកប្រឹក្សា និងជាអ្នកតម្រង់ទិស»

អាស្រ័យហេតុនេះសាស្រ្តាចារ្យត្រូវដើរតួនានីជាគំរូទី១ សាស្រ្តាចារ្យត្រូវតែមានជំនាញជាក់លាក់បន្ថែមលើចំណេះដឹងទូលំទូលាយ សមត្ថភាពស្រាវជ្រាវ និងបង្រៀន ព្រមទាំងឆន្ទៈសិក្សា និងស្រាវជ្រាវ និងសីលធម៌ល្អ។

អង្គប្រជុំបានពិនិត្យមើលឯកសារព្រាង ស្តីពីទិសដៅពង្រឹងពង្រីកលើកកម្ពស់គុណភាព បង្រៀន រៀន ស្រាវជ្រាវ និងសេវាកម្ម និងបានកែសម្រួលដាក់ខ្លឹមសារបន្ថែម ដើម្បីឲ្យឯកសារយុទ្ធសាស្រ្តនេះ មានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ ងាយស្រួលយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ខ្លឹមសារសម្រេចរបស់អង្គប្រជុំ បានបង្ហាញថា សាស្រ្តាចារ្យ និស្សិត បុគ្គលិក នៃសាកលវិទ្យាល័យ និងដៃគូសហការណ៍មានតួនាទីសំខាន់រៀងៗខ្លួន ហើយតួនាទីនេះ មានភាព ប្រទាក់ក្រឡាគ្នា និងទាមទារឲ្យមានកិច្ចសហការណ៍ដ៏ល្អ និងរលូន។ សាស្រ្តាចារ្យបន្ថែមពីសមត្ថភាពជំនាញ សាស្រ្តាចារ្យត្រូវចូលរួមកិច្ចការងារស្រាវជ្រាវ ពង្រឹងវិន័យនិស្សិត ធានាឲ្យគុណភាព បង្រៀនបានល្អ។ និស្សិតត្រូវមានវិន័យ ខិតខំស្រាវជ្រាវ ចូលរួមសកម្មភាពស្រាវជ្រាវដើម្បីទទួលបាន សមត្ថភាព និងជំនាញ។

សម្រាប់ដៃគូពាក់ព័ន្ធ ខ្លឹមសារនៃឯកសារយុទ្ធសាស្រ្ត បានស្នើឲ្យមានសកម្មភាពរួមគ្នារវាងស្ថាប័ន និងសាកលវិទ្យាល័យកាន់តែច្រើន តាមរយៈការផ្លាស់ប្តូរព័ត៌មានការផ្តល់ឱកាសទស្សនកិច្ចសិក្សា កម្មសិក្សា និងការងារ ព្រមទាំងការចូលរួមជាយោបល់លើកម្មវិធីសិក្សា។ ជាចុងក្រោយសាកលវិទ្យាល័យ ត្រូវបន្តពង្រឹង និងពង្រីកសម្ភាររូបវន្តបង្កើតយន្តការ និងសម្របសម្រួលការងារ ដើម្បីធានាបានគុណភាពនៃការបណ្តុះបណ្តាល ស្របតាមចក្ខុវិស័យរបស់សាកល វិទ្យាល័យ។ ជាចុងក្រោយ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ត្រូវបង្កើនសមត្ថភាពភាសា និង បច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលនេះ មានសារៈសំខាន់ សម្រាប់ពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារ ការងារក្នុងប្រទេស ឬក្នុងតំបន់។

នៅចុងបញ្ចប់លោកបណ្ឌិត ស្តើង សុខុម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធចាប់ពីដើមរហូតមក ដែលជាលទ្ធផលបច្ចុប្បន្នសាកលវិទ្យាល័យCUS មាន៨ទីតាំង ពីរទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយ មានជ័យ បាត់ដំបង និងខេត្តកំពត មាននិស្សិតកំពុងសិក្សាជិតពីរម៉ឺននាក់ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នេះ។

ក្នុងនោះដែរសាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័ននានាក្នុងប្រទេស ចំនួន៥០០ ក្រុមហ៊ុន ឬស្ថាប័ន និងសាកលវិទ្យាល័យ វិទ្យាស្ថាននានា ជាច្រើនដូចជា ប្រទេសកូរ៉េ ចិន ជប៉ុន អាឡឺម៉ង ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន ចក្រភពអង់គ្លេស បង់ក្លាដែស អ៊ីស្រាអែល វៀតណាម និងបណ្តាប្រទេសនានាមួយចំនួនទៀត។

និស្សិតដែលបានបញ្ចប់ការសិក្សា និងនិស្សិតកំពុងសិក្សាមាន ការងារធ្វើរហូតដល់ជិត៩០% នេះបើតាមការធ្វើអង្កេតរបស់ការិយាល័យទីផ្សារ និងគាំពារនិស្សិតក្នុង ឆ្នាំសិក្សាថ្មីនេះ។ និស្សិតថ្មីមានកំណើនប្រមាណជិត២០%។ លទ្ធផលនេះបានបង្ហាញថានិស្សិតទទួល បានការងារធ្វើក្នុងអត្រាមួយខ្ពស់សម្រាប់ការងារទីផ្សារក្នុងប្រទេស។ រីឯគុណភាព និងវិន័យ ក្នុងការ បណ្តុះបណ្តាល ត្រូវបានលើកកម្ពស់ជាបណ្តើរៗ៕