(ភ្នំពេញ)៖ ក្រោយដណ្ដើមបានពាន និងមេដាយជាច្រើន ក្នុងស្មារតីតំណាងកម្ពុជា នៅសាធារណរដ្ឋកូរ៉េ កីឡាការិនីស្នូកឃ័រឆ្នើម ស្រួង ភាវី បានទទួលការកោតសរសើរជាបន្ដបន្ទាប់ពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា ក្នុងនោះលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានសម្ដែងនូវមោទនកភាព និងស្ញប់ស្ញែងចំពោះឆន្ទៈដ៏អង់អាចរបស់លោកស្រី ដែលមិនបោះបង់មនសិការ ដើម្បីជាតិ ហើយបានបង្ហាញនូវកិត្យានុភាពជាតិឲ្យអន្ដរជាតិបានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈការបង្ហាញសមត្ថភាព និងសមិទ្ធផលរបស់ខ្លួន។

ដោយមើលឃើញពីការខិតខំប្រឹងប្រែងក្នុងស្មារតីជាតិជាធំនេះ បានជំរុញឲ្យថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចេញលិខិតសរសើរជាពិសេសមួយ ដើម្បីលើកទឹកចិត្តដល់កីឡាការិនី ស្រួង ភាវី ដែលបានចូលរួមការប្រកួតកីឡាស្នូកឃ័រជាអន្ដរជាតិ និងលើកកិត្តិយសជាតិនាពេលកន្លងមក។ បន្ថែមលើនេះ លោកបណ្ឌិត ថោង ខុន បានលើកទឹកចិត្ត និងស្វាគមន៍ ចំពោះការវិលត្រឡប់មកជួយដល់វិស័យកីឡាស្នូកឃ័រកម្ពុជា ដែលត្រៀមប្រកាសសុពលភាពបង្កើតសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជាការជំរុញចូលរួមប្រកួតលើឆាកអន្ដរជាតិ ក្នុងនាមតំណាងកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កាលពីម្សិលមិញ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា អាណត្តិទី១ បានរៀបចំមហាសន្និបាតបណ្ដោះអាសន្នមួយ ដើម្បីត្រៀមប្រកាសសុពលភាពបង្កើតសហព័ន្ធផ្លូវការ ក្រោយទទួលបានការជំរុញពីលោករដ្ឋមន្ដ្រី ថោង ខុន ដើម្បីពន្លឿនការអនុវត្តការងារស្ដង់ដារ តាមនិតីវិធីអន្ដរជាតិ និងជំរុញកីឡាស្នូកឃ័រកម្ពុជា ឲ្យមានលទ្ធភាពឆ្ពោះទៅចូលរួមប្រកួតដោយស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ។ ទន្ទឹមជាមួយគ្នានេះ សហព័ន្ធបានសម្រេចត្រៀមតែងតាំងលោកស្រី ស្រួង ភាវី គឺជាសមាជិក ដើម្បីរួមចំណែអភិវឌ្ឍន៍កីឡាស្នូកឃ័រកម្ពុជាឲ្យកាន់តែរីកចម្រើន ដោយមានលោកស្រី គឺជាជំហរបច្ចេកទេសផ្ទាល់តែម្ដង។

លោក ថោង ខុន ក្នុងនាមប្រធាន NOCC បានលើកទឹកចិត្តឲ្យសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា រៀបចំផែនការអភិវឌ្ឍន៍បានច្បាស់លាស់ ដើម្បីត្រៀមខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយលោករំពឹងថា វត្តមានលោកស្រី ស្រួង ភាវី នឹងក្លាយជាគំរូដ៏ល្អសម្រាប់កីឡាករ-កីឡាការិនីជំនាន់ក្រោយខិតខំប្រឹងប្រែង និងអនុវត្តតាមប្រកបឆន្ទៈដ៏មុតមាំដើម្បីលើកកិត្តិយសជាតិ តាមរយៈការត្រៀមខ្លួនជាស្រេចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលមានប្រភេទកីឡាស្នូកឃ័រស្ទើររៀងរាល់ឆ្នាំ។

សូមរំឭកថា លោកស្រី ស្រួង ភាវី គឺជាស្ដ្រីខ្មែរដ៏ឆ្នើម ដែលដណ្ដើមបានពានមិនតិចជាង ២០ឡើយ ក្រោយរៀបការជាមួយស្វាមីជាជនជាតិកូរ៉េ និងផ្លាស់ទៅរស់នៅ នៅសាធារណៈកូរ៉េកាលពីឆ្នាំ២០១០។ មិនតែប៉ុណ្ណោះ កីឡាការិនីមានដើមកំណើត នៅខេត្តត្បូងឃ្មុំនេះ ក៏ធ្លាប់ឈ្នះជើងឯករងពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥ ផងដែរ។ តាមរយៈទេពកោសល្យ និងសមិទ្ធផលជាបន្ដបន្ទាប់របស់លោកស្រី បានទាក់ចិត្តកូរ៉េ ចែចូវឲ្យចូលសញ្ជាតិ តែត្រូវបានលោកស្រីបដិសេធ ព្រោះលោកស្រីចង់លេងឲ្យកម្ពុជាតែមួយគត់ ដែលជាមាតុភូមិកំណើតរបស់ខ្លួន។ ឆន្ទៈ និងស្មារតីស្នេហាជាតិនេះហើយ ដែលធ្វើឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ ស្ញប់ស្ញែង និងកោតសរសើរលោកស្រី៕