(ភ្នំពេញ)៖ ភាពយន្តរឿង «បាតដៃខ្មៅ» ដែលជាវណ្ណកម្មរបស់ Sabay Production ចូលរួមសម្ដែងដោយ​តារាចម្រៀង original song ដែលកំពុងតែល្បីល្បាញ​ ក្នុងស្រទាប់យុវវ័យនាបច្ចុប្បន្ន​ នឹងត្រូវដាក់បញ្ចាំង ក្នុងពេលឆាប់នេះហើយ។

តារាចម្រៀង Original Song ដែលបានសម្ដែងក្នុងរឿងនេះ មានដូចជា Sai, ក្រុម Mustache Band (ជេន & សុភ័ក្ត្រ ម៉ានុត) ,ជន រនតៈ (De Ocean Band), ហេង ច័ន្ទដាតាវិត។ ជាពិសេសតារាស្រីនៅក្នុងរឿងនេះ ដែលកំពុងតែល្បីក្នុងរឿងភាគ High School Love គឺ ចែ ឡេង។

លើសពីនេះ រឿង «បាតដៃខ្មៅ» ជាស្នាដៃនិពន្ធរបស់អ្នកស្រី ម៉ឺសន សុធារី ដែលជារឿង ជាប់ចំណាត់ថ្នាក់អ្នកអានច្រើនជាងគេ នៅក្នុង​ប្រឡោមលោក (Sabay Novel) នាឆ្នាំកន្លងទៅ។ រឿងនេះ ជារឿងបែបយុវវ័យរន្ធត់ និងមន្ដអាគម ដែលសម្រឹត​សម្រាំងឡើង សម្រាប់ទស្សនិកជននៅតាមរោងភាពយន្ដ ដែលកំពុងជក់ចិត្ដទស្សនាប្រភេទ រឿងបែបនេះ ជាពិសេស គឺជាទស្សនីយភាពប្លែកមួយទៀត ដែលអ្នកទស្សនាមិនធ្លាប់បានឃើញ​ ពោល​តារាសម្ដែងទាំងនោះសុទ្ធ តែជាអ្នកចម្រៀងលើឆាក។

​ភាពយន្តរឿង «បាតដៃខ្មៅ» ​គឺជាខ្សែភាពយន្តបែបរន្ធត់ និងមនោសញ្ចេតនា ដែលនិយាយអំពីតារាចម្រៀងប្រុសមួយក្រុម ដែលមានឈ្មោះថា បាតដៃខ្មៅ។ ដោយសារតែអបិយជំនឿ​ និងការប្រមាថ បានធ្វើឲ្យពួកគេជាប់បណ្ដាសារ។ តើពួកគាត់នឹងស្វែងរកវិធីដោះស្រាយ ដោយរបៀបណាហើយឆ្លងកាត់ឧបសគ្គអ្វីខ្លះ​ សូមរង់ចាំតាមដានទាំងអស់គ្នា៕