(រតនគិរី)៖ សព្វថ្ងៃជនជាតិដើមភាគតិចព្រៅដែលរស់នៅខេត្តរតនគិរី អាចទទួលបានប្រាក់ចំណូលបន្ថែមមួយកម្រិតទៀតក្រៅពីការងារប្រចាំថ្ងៃ តាមរយៈការសម្ដែងរបាំ និងចម្រៀងប្រពៃណីជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិទស្សនាកម្សាន្ដ។
ជាក់ស្ដែងក្នុងឱកាសដែលក្រុមបេសកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» ចុះបេសកកម្មលើកទី៣របស់ខ្លួននៅខេត្តរតនគិរី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នោះ ក៏បានទៅចូលរួមទស្សនាការសម្ដែងរបាំ និងចម្រៀងប្រពៃណីរបស់ជនជាតិដើមភាគតិចព្រៅ នៅក្នុងសមាគមអភិរក្សដំរីខ្មែរ «អៃរាវត្តា» នៃស្រុកលំផាត់ ចំនួន៥បទផងដែរ។
បើតាមបទសម្ភាសន៍ជាមួយក្រុមជនជាតិដើមភាគិតិច ដែលជាអ្នកចូលរួមក្នុងការសម្ដែងរបាំ និងចម្រៀងប្រពៃណី បានឲ្យដឹងថា របាំ និងចម្រៀងប្រពៃណីទាំង ៥បទ ដែលគាត់បានសម្ដែងនោះមានអត្ថន័យផ្សេងៗគ្នា ក្នុងនោះរួមមានបទទី១៖ ប្រគំឡើងសម្រាប់សុំទឹកភ្លៀង, បទទី២៖ ប្រគំឡើងសម្រាប់ទទួលភ្ញៀវ កំដរភ្ញៀវក្នុងពិធីអ្វីមួយ, បទទី៣៖ ប្រគំឡើងសម្រាប់សែនព្រេនដូនតា អ្នកតា ទេវតាជាដើម, បទទី៤៖ ប្រគំឡើងសម្រាប់ដាស់តឿនកុមារឱ្យខិតខំសិក្សារៀនសូត្រ និងបទទី៥៖ ប្រើនៅពេលជួបជុំញាតិមិត្ត អ្នកភូមិជាដើម។
ពួកគាត់បានបន្ថែមទៀតថា ឧបករណ៍ប្រើប្រាស់នៅក្នុងការសម្ដែងរបាំ និងចម្រៀងប្រពៃណីទាំង៥បទនេះ មានដូចជា៖ គងមង គងម៉ង់ ដែលមានរាងស្រដៀងទៅនឹងគង និងឃ្មោះរបស់ខ្មែរយ៉ាងអ៊ីចឹង បើនិយាយពីទំហំវិញ ខ្លះតូច ខ្លះធំ ហើយសំឡេងនោះទៀតសោត ក៏លាន់ឮពិរោះខុសគ្នាដែរ។
បច្ចុប្បន្ននេះ ពេលវេលានៃការស្លៀកពាក់របស់ជនជាតិដើមភាគតិចព្រៅ ក៏មិនខុសពីជនជាខ្មែរដែរ ដោយពួកគាត់ក៏បានបញ្ជាក់ផងដែរថា ពេលនៅផ្ទះធម្មតាពួកគាត់ស្លៀកពាក់ក៏ធម្មតា តែដល់ទៅពេលចូលរួមកម្មវិធីនានា ការតុបតែងខ្លួនប្រាញក៏រៀបចំទៅកម្មវិធីផងដែរ មានដូចជា ប៉ឹង អង្កាំ សំពត់ ក្រណាត់ជួតក្បាលជាដើម។
សូមជម្រាបថា នេះគឺជាផលិតផលទេសចរណ៍ថ្មីមួយទៀតហើយ ដែលក្រុមបេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» បានទៅទស្សនា និងផ្តិតយកទិដ្ឋភាពទាំងនោះមកបង្ហាញជូនទស្សនិកជនទស្សនា។
បេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន ស្ដារអូតូ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល រថយន្តទំនើបជាងគេនៅកម្ពុជា Mercedes-Benz សហការផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិច ThmeyThmey។
បេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» បង្កើតឡើងក្នុងគោលបំណង ចេញប្រតិបត្តិការរុករក តំបន់ទេសចរណ៍នៅព្រហ្មចារីថ្មីៗ ដែលរាយប៉ាយពាសពេញដែនដីសុវណ្ណភូមិនៃប្រទេសកម្ពុជា ហើយគ្មានមនុស្សស្គាល់ ឬមានមនុស្សតិចបំផុតដែលបានស្គាល់។
លើសពីនេះ ក៏ដើម្បីយកមកផ្សព្វផ្សាយបង្ហាញប្រិយមិត្ត ពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យបានទស្សនាឃើញច្បាស់ និងអន្ទងចិត្តបញ្ចុះបញ្ចូលឲ្យពួកគេឲ្យរីករាយក្នុងការធ្វើដំណើរ ទៅទស្សនានៅទីនោះជាបន្តបន្ទាប់ សំដៅពង្រីកសក្តានុពលទេសចរណ៍ដែលមានស្រាប់នៅកម្ពុជា ឲ្យកាន់តែមានសកម្មភាពរស់រវើក៕