(កំពង់ធំ)៖ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ ខេត្ត-ស្រុក-ក្រុង-ឃុំ-សង្កាត់ សមាជិក សមាជិកា និងសកម្មជនគណបក្សហ៊្វុស៊ិនប៉ិចទូទាំងខេត្តកំពង់ធំ បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំ ​ក្ដុកក្ដួល និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ជូនចំពោះសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានបាត់អ្នកម្នាង អ៊ុក ផល្លា ជាព្រះទាយាជាទីស្រឡាញ់ មាតាជាគោរព នៅក្នុងជន្មាយុ៣៩ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ។

នៅក្នុងសាររំលែកទុក្ខរបស់លោក ប៉ោ ប៊ុនស្រ៊ឺ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ផ្ញើជូនសម្តេចក្រុមព្រះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ទូលបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំក្រុមការងារ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ ខេត្ត-ស្រុក-ក្រុង-ឃុំ-សង្កាត់ សកម្មជន សមាជិក សមាជិកា គណបក្សហ្វ៊ុនស៊ិនប៉ិច ទូទាំងខេត្តកំពង់ធំ មានសេចក្តីរន្ធត់ក្តុកក្តួល សោកស្តាយយ៉ាងក្រៃលែងដោយ អ្នកម្នាង អ៊ុក ផល្លា ដែលត្រូវជាព្រះទាយារបស់សម្តេចក្រុមព្រះប្រធាន បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១២៖២៣នាទី ដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងព្រះរាជបេសកកម្មយាងចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយសកម្មជន សមាជិក សមាជិកា នៅខេត្តព្រះសីហនុ»។

មរណភាពរបស់អ្នកម្នាង អ៊ុក ផល្លា គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប និងជាការបាត់នូវឧត្តមភរិយា អ្នកម្តាយ បងប្អូនជាទីគោរពស្រឡាញ់ប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌។

នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណៈទុក្ខនេះ ដោយក្តីអាឡោះអាល័យ សោកស្តាយជាទីបំផុតជាមួយ សម្តេចព្រះប្រធាន ព្រមទាំងក្រុមគ្រួសារ ដោយក្តីសោកសង្វេកយ៉ាងក្រៃលែង។

ពិធីបុណ្យសពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ បានធ្វើឡើងនៅក្នុងបរិវេណ វត្តបុទុមវត្តី ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងពិធីបូជាសពនៅព្រឹកថ្ងៃពុធទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅបរិវេណខាងមុខវត្តបុទុមវត្តី។

សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុកព្រះទីនាំងរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ៕