(ភ្នំពេញ)៖ ក្រុមអតីតបុគ្គលិក នៃស្ថានទូតអាមេរិកជាង២០នាក់ ក្នុងចំណោម៣២នាក់ ដែលរងការបណ្តេញចេញដោយអយុត្តិធម៌ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានបកអាក្រាតថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានេះ បានធ្វើឱ្យមានរឿងអយុត្តិធម៌ច្រើនទៀត មិនត្រឹមតែរឿងបណ្តេញបុគ្គលិកចេញដោយមិនមានមូលហេតុច្បាស់លាស់នេះទេ។
ការអះអាងនេះ បានធ្វើឡើងក្នុងគ្រាដែល អតីតបុគ្គលិកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ជាង២០នាក់ រួមទាំងក្រុមគ្រួសាររបស់ពួកគេ ក្នុងចំណោមអតីតបុគ្គលិកដែលរងការបណ្តេញ ចេញ៣២នាក់ បានលើកគ្នាតវ៉ា ទាមទាររកយុត្តិធម៌ បន្ទាប់ពីត្រូវបានបណ្តេញចេញដោយ មិនមានមូលហេតុច្បាស់លាស់ និងធ្វើការចោទប្រកាន់ ដោយមិនសមរម្យលើពួកគាត់។
ខណៈតវ៉ានោះ តំណាងក្រុមអតីតបុគ្គលិក នៃស្ថានទូតអាមេរិក បានអះអាងថា ការបណ្តេញពួកគេចេញនេះគឺជារឿងអយុត្តិធម៌បំផុត និងជាចេតនារបស់ស្ថានទូតអាមេរិក ដែលបានរៀបចំទុកជាមុន។ ជាមួយគ្នានេះ លោក ឡុង សេងគឹមហុង តំណាងឲ្យអតីតបុគ្គលិកស្ថានទូតអាមេរិកទាំង៣២នាក់ បានអះអាងថា មានរឿងជាច្រើនទៀតដែលអយុត្តិធម៌ កើតឡើងលើបុគ្គលិកស្ថានទូតអាមេរិក។
លោក ឡុង សេងគឹមហុង បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា អ្នកដែលមិនដែលជួបរឿងអយុត្តិធម៌ នៅក្នុងស្ថានទូតអាមេរិក គឺអត់សូវឈឺចាប់ទេ ពួកគេមើលទៅឃើញថា អាមេរិកយុត្តិធម៌ណាស់ តែបើគេជួបប្រទះ ទើបដឹងថា អាមេរិកអយុត្តិធម៌បំផុត មានរឿងអយុត្តិធម៌ច្រើនទៀត ដូចជាគេមិនឱ្យបង្កើតសហជីពក្នុងស្ថានទូត មានរឿងអយុត្តិធម៌ច្រើនណាស់ ដែលខ្ញុំមិនចង់និយាយទេ មានមិត្តភ័ក្តិខ្លះត្រូវបានបណ្តេញចេញដោយអយុត្តិធម៌»។
សូមជម្រាបថា នៅព្រឹកនេះ អតីតបុគ្គលិកជាង២០នាក់ ក្នុងចំណោម៣២នាក់ ដែលបម្រើការងារក្នុងស្ថានទូតអាមេរិកចាប់ពី ៥ឆ្នាំ ដល់ ជាង២០ឆ្នាំ បាននាំគ្នាតវ៉ានៅមុខស្ថានទូតអាមេរិក លើផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីឲ្យស្ថានទូតប្រទេសមហាប្រជាធិបតេយ្យមួយនេះ ដោះស្រាយរឿងបណ្តេញពួកគាត់ចេញពីការងារ ដោយគ្មានមូលហេតុច្បាស់លាស់ និងគ្មានភស្តុតាងត្រឹមត្រូវ។
បើតាមអតីតបុគ្គលិកទាំងនោះ បានអះអាងថា ការបណ្តេញពួកគាត់ចេញនេះ ស្ថានទូតអាមេរិកលើកយកមូលហេតុមួយ គឺចោទប្រកាន់ពួកគាត់ថា ចែកចាយរូបថតអាសអាភាស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។ ប៉ុន្តែពួកគាត់អះអាងថា មូលហេតុនេះមិនសមរម្យនោះទេ គឺរូបថតនោះ បង្ហោះក្នុង Group Messager ឯកជនហើយក៏មិនដឹងថា ចេញមកពីណាផងដែរ។
ការតវ៉ារបស់អតីតបុគ្គលិកទាំង៣២នាក់ ដែលត្រូវបណ្តេញចេញពីការងារនៅព្រឹកនេះពួកគាត់ទាមទារឲ្យស្ថានទូតអាមេរិកដោះស្រាយ ជូនពួកគាត់ចំនួន៧ចំណុច៖
១៖ ទាមទាររកយុត្តិធម៌ ពីការបញ្ឈប់ពួកគាត់ដោយបង្ខំ និងមិនបង្ហាញភស្តុតាង។
២៖ ទាមទារកែពាក្យពីការបណ្តេញចេញ មកជាការកាត់បន្ថយបុគ្គលិកវិញ។
៣៖ ទាមទារសំណង០៦ខែ ទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។
៤៖ សូមប្តឹងពីបទរំលោភសិទ្ធិបុគ្គលិក ដោយដកហូតយកទូរសព្ទ័ ទៅឆែកមើលគ្រប់រូបភាព និងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយកទូរសព្ទ័ពួកគាត់ មួយចំនួនទៅរក្សាទុកមួយរយៈពេល ។
៥៖ សូមឲ្យទូទាត់លុយមូលនិធិឧបត្ភម (ប្រាក់១២ភាពរយ) ក្នុងខែនេះ ព្រមទាំង០៣ខែកន្លងមក ដែលមិនទាន់ទូទាត់ឲ្យពួកគាត់។
៦៖ សូមទារសំណងជំងឺចិត្តទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិតិ្តយស ដោយចោតប្រកាន់គ្មានភស្តុតាង។
៧៖ សូមឲ្យសហគមបុគ្គលិកខ្មែរមានសិទ្ធិ ចូលរួមដោះស្រាយពីបញ្ហា ការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ការងារ។
អតីតបុគ្គលិករបស់អាមេរិកទាំងនេះ បានបញ្ជាក់ថា បានដាក់ញតិ្តរួចហើយទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងការបរទេសដើម្បីឲ្យជួយដោះស្រាយ និងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់។
ការតវ៉ានៅមុខស្ថានទូតអាមេរិកនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ យ៉ាងអតីតបុគ្គលិកទាំងអស់ បានប្រមាពថា ពួកគាត់ធ្វើការតវ៉ាជាបន្តបន្ទាប់ទៀត រហូតដល់មានការដោះស្រាយជូនពួកគាត់៕