(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកលោកស្រី Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានមួយចំនួន និងពិធីប្រកាស ជាផ្លូវការនូវគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារ:បរិក្ខារអប់រំ នៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្នុងពិធីនោះមានឯកសារត្រូវបានចុះហត្ថលេខាដូចខាងក្រោម៖

១៖ លិខិតប្រគល់-ទទួល នូវថវិកាហិរញ្ញប្បទានឥតសំណងចំនួន ២ ៥០០ ០០០ ដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា ។ ថវិកាហិរញ្ញប្បទានឥតសំណងនេះនឹងត្រូវ បានប្រើប្រាស់សម្រាប់រួមចំណែកការងារបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សម្រាប់បម្រើវិស័យមនុស្សធម៌នៅប្រទេសកម្ពុជា ដែលនឹងត្រូវអនុវត្តដោយមជ្ឈមមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។

២៖ កិច្ចព្រមព្រៀងសម្រាប់រៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា ។ តាមរយៈកិច្ចព្រមព្រៀងនេះ អ្នកជំនាញចិននឹងមកធ្វើការសិក្សា ដើម្បីរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា ដោយផ្តោតជា ពិសេស ទៅលើប្រព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹកផ្ទៃក្នុង ការដឹកជញ្ជូនតាមសមុទ្រ អាកាសចរស៊ីវិល និងឡូជីស្ទីក ។

៣៖ កិច្ចព្រមព្រៀងសម្រាប់ការអនុវត្តគម្រោងជួសជុលព្រះបរមរាជវាំងនៅអង្គរ-ខេត្តសៀមរាប ។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួច ភាគីចិននឹងសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និង វិចិត្រសិល្ប: ដើម្បីស្តារឡើងវិញនូវស្ថាបត្យកម្ម ការងារពាក់ព័ន្ធនឹងបុរាណវិទ្យា ការអភិរក្សចំលាក់ថ្ម ជាដើម ។

ឆ្លៀតឱកាសនោះដែរ, លោកស្រីអនុរដ្ឋមន្រ្តី Gao Yan រួមជាមួយលោកមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ក៏បានរួមគ្នាប្រកាសបើកជាផ្លូវការនូវ គម្រោងហិរញ្ញប្បទានឥតសំណងពីប្រទេសចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និង ការផ្គត់ផ្គង់សម្ភារ:បរិក្ខារអប់រំ។

គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារ:បរិក្ខារអប់រំនេះ នឹងសាងសង់អគារវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលគ្រូចំនួន ១ នៅនៅរាជធានីភ្នំពេញ, ១ នៅខេត្តកំពង់ចាម និង ១ ទៀតនៅខេត្តកណ្តាល ព្រមទាំងផ្គត់ផ្គង់បរិក្ខារចាំបាច់ផ្សេងៗទៀត ។

ពិធីចុះហត្ថលេខា និងពិធីប្រកាសជាផ្លូវការនាពេលនេះ គឺជាផ្លែផ្កាថ្មីៗទៀតកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានកិច្ចសហការល្អ ជាមួយរដ្ឋាភិបាលចិន សំដៅអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ។

សូមជម្រាបថា គិតចាប់ពីឆ្នាំ ២០០១ ដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាលចិន បានសន្យាផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការមានទឹកប្រាក់សរុបចំនួនប្រមាណ ៥,២៧៦ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់ សរុបមានចំនួនប្រមាណ១,២២១លានដុល្លារអាមេរិក៕