(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួង ការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន រយៈពេល៦០ឆ្នាំនេះ បានបង្ហាញឱ្យឃើញពីភាពរឹងមាំ កិច្ចសហប្រតិបត្តិការដ៏រស់រវើក និងបានបង្ហាញពីសាមគ្គីភាពគ្នាយ៉ាងស្អិតរមួតរវាងប្រទេសទាំងពីរផងដែរ។
នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញជាអធិបតីភាពពិធីសម្ពោធពិព័រណ៍យោធារួមគ្នាកម្ពុជា-ចិន ក្រោមប្រធានបទ «ដួងចិត្តតែមួយដើម្បីកសាងសហគម វាសនាតែមួយ ចាប់ដៃគ្នាដើម្បីរក្សាសន្តិភាព និងធ្វើការអភិវឌ្ឍន៍» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានបន្តថា សម្រាប់ឱកាសតាំងពិរណ៍នេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងទំនុកចិត្តរវាងប្រទេសទាំងពីរ ក្នុងការកសាងសមាគមវាសនាតែមួយ ក្នុងការការពារសន្តិសុខ ស្ថិរភាពក្នុងសង្គមអន្តរជាតិ។ នៅក្នុងអំឡុងពេល៦០ឆ្នាំនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ សហការគ្នាយ៉ាងជិតស្និត និងកសាងមិត្តភាពយ៉ាងជ្រាវជ្រៅផងដែរ។
នាយឧត្តមសេនីយ៍ បានបន្តថា សម្តេចព្រះនរោត្តម សីហុន ព្រះបរមរតនៈកោដ្ឋ ធ្លាប់មានព្រះរាជបន្ទូលថា «មិត្តភាពប្រពៃណីដ៏រឹងមាំ យូរអង្វែងរវាងកម្ពុជា-ចិន ហាក់ដូចជាផ្កាបុប្ផាមិនចេះស្ងួតមួយ បានរីកស្គុះស្គាយក្រោមមេឃស្រលះ»។
ជាមួយគ្នានេះសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យចំណងមិត្តភាព ភាតរភាពប្រជាជនកម្ពុជា-ចិន កាន់តែមានភាពស្និទ្ធស្នាល ហើយកិច្ចសហប្រតិការលើគ្រប់វិស័យត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ចំណងមិត្តភាពកម្ពុជា-ចិន មានភាពគ្រប់ជ្រុងជ្រោយ ដែលបានផ្តល់សន្ធឹកសន្ធាប់សម្រាប់ប្រជាជន និងប្រជាជន កងទ័ព និងកងទ័ពប្រទេសទាំងពីរ និងបានរួមចំណែកជាវិជ្ជមាននាំមកនូវសន្តិភាព វិបុលភាពក្នុងតំបន់ និងក្នុងសកលលោក ជាមួយគ្នានេះរាជរដ្ឋាភិបាលប្រទេសទាំងពីរមានជំរុញឱ្យមានការងភិវឌ្ឍលើគ្រប់វិស័យ ស្របតាមបំណងប្រាថ្នារួម និងផលប្រយោជន៍ស្នូលរបស់ភាគីទាំងពីរ ដោយបានបង្កបរិយាកាសអំណោយផលដល់សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។
កម្ពុជា-ចិន បានពង្រឹងនូវកិច្ចសហប្រតិបត្តិការពហុភាគី និងសន្តិសុខតំបន់ និងអន្តរជាតិឱ្យកាន់តែរឹងមាំ ជំរុញទំនាក់ទំនងរវាងកងទ័ព ប្រទេសពីរ ឱ្យឆ្ពោះទៅរកការរីកចម្រើន និងទទួលបានសមទ្ធិផលថ្មីៗបន្ថែមទៀត។ ជាមួយគ្នានេះ គោលបំណងដើម្បីបង្ហាញ នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃកងទ័ពទាំងពីរកម្ពុជា-ចិន ជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណី ជំរុញឆ្ពោះទៅរកការរីកចម្រើនរួមគ្នា៕