(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោកស្រី កៅ យ៉ាន (Gao yan) បានលើកឡើងថា ប្រទេសកម្ពុជា ពេលនេះកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋខ្មែរម្នាក់ៗ ក៏មានជីវភាពធូរធា ផងដែរ។ នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។

លោកស្រីបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីអនុវត្តតាម នូវអ្វីដែលថ្នាក់ដឹកនាំកំពូលទាំងពីរ បានចុះហត្ថលេខាជាមួយគ្នារួចមកហើយនោះ។ ជាងនេះទៀត ក៏ដើម្បីពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែ ស៊ីជម្រៅថែមទៀត ជាពិសេសលើការតភ្ជាប់រវាងប្រជាជន និងប្រជាជនតភ្ជាប់រវាងគោលនយោបាយជាយុទ្ធសាស្រ្ត និងការជំរុញការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសទាំងពីរ ក៏ដូចជាលើទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលកន្លងមកកម្ពុជា-ចិន ទទួលបានជោគជ័យ នៅក្នុងការអនុវត្តជំរុញ ទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ហើយនៅពេលនេះ ក៏កំពុងតែជំរុញ ទំហំពាណិជ្ជកម្មឱ្យបានកាន់តែខ្លាំងឡើងថែមទៀត។

ជាមួយគ្នាដែរ ក៏នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែរឹងមាំថែមទៀត ជាពិសេសតាមរយៈការរៀបចំឱ្យមានការចូលរួម ពីកម្ពុជាយើង ក្នុងការតាំងពិពណ៌នៅប្រទេសចិន នាពេលខាងមុខនេះ លើវិស័យកសិកម្មក៏ដូចជាលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះលោកស្រី កៅ យ៉ាន ក៏បានជម្រាបសម្ដេចថា លោកស្រីនឹងបន្តជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីចុះហត្ថលេខា លើឯកសារមួយចំនួន នឹងជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរល្ងាចនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះរបាយការណ៍ ដែលលោកស្រីអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានលើកឡើង និងបានបង្ហាញការយល់ស្របទាំងស្រុង និងគាំទ្រនូវអ្វីដែលភាគីចិន បានលើកឡើង។

បើតាមសម្តេចតេជោ ទំនាក់ទំនងរវាងចិន-កម្ពុជា បានឈានមកដល់ ទំនាក់ទំនង ថ្មីមួយថែមទៀត ហើយការអភិវឌ្ឍ របស់កម្ពុជាមិនអាចកាត់ផ្ដាច់បាន ពីជំនួយរបស់មិត្តចិនបានឡើយ។ ជាពិសេសលើជំនួយ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម និងទំហំពាណិជ្ជកម្ម បានកើនឡើងលើសពីអ្វីដែលបានកំណត់ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ និងជំនួយដទៃទៀត ដែលនាំកម្ពុជា ឈានដល់អភិវឌ្ឍដល់កម្រិតនេះ។

ក្នុងន័យនេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន បានជួយដល់កម្ពុជា ហើយជាមួយគ្នានេះ សម្តេចក៏បានជូនពរឱ្យលោកស្រី ដំណើរបេសកកម្មរបស់លោកស្រីនៅកម្ពុជា ទទួលបានជោគជ័យ៕