(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីរថយន្តដឹកកម្មរមួយគ្រឿងម៉ាក KIA បើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវចំណោទ ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតឡើងលើសួនច្បារ ក្រឡាប់ចូលទៅឆ្នេរសមុទ្រ បណ្តាលឱ្យកម្មករសំណង់នៅបុរីគុជអាស៊ីចំនួន២១នាក់ (ស្រី១០នាក់) រងរបួសនៅវេលាម៉ោង៦៖៣០នាទីព្រឹក ទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុចកន្ទុយនាគ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសាររថយន្តដឹកកម្មករសំណង់១គ្រឿងម៉ាក KIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2V-2043 បើកបរដោយឈ្មោះ ទូច ណារាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ មានទិសដៅពីចុងអារីស្តុន ឆ្ពោះមកសណ្ឋាគារសុខា លុះដល់ចំណុចខាងលើស្ថានភាពផ្លូវកោងចុះចំណោទ រថយន្តមានល្បឿនលឿនហ្រ្វាំងមិនស៊ី ជ្រុលចង្កូតឡើងលើសួនច្បារ បណ្តាលឱ្យក្រឡាប់ ចូលទៅឆ្នេរសមុទ្រតែម្តង។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ជនរងគ្រោះដែលរងទាំង២១នាក់ គឺជាកម្មករសំណង់ទាំងអស់ ក្នុងនោះមានមនុស្សស្រីចំនួនឹ១០នាក់ផងដែរ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅគ្លីនិកចាក់អង្រែ និងគ្លីនិកសេតេ ខេត្តេះព្រះសីហនុ។ ជនរងគ្រោះទាំងអស់ស្នាក់នៅក្នុងអារីស្តុន ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
បច្ចុប្បន្ន រថយន្តបង្កត្រូវបាន ត្រូវបានកម្លាំងជំនាញយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ៕