(ភ្នំពេញ)៖ ក្រុមអតីតបុគ្គលិក នៃស្ថានទូតអាមេរិកជាង២០នាក់ ក្នុងចំណោម៣២នាក់ ដែលរងការបណ្តេញចេញដោយអយុត្តិធម៌ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអះអាងប្រាប់ក្រុមអ្នក សារព័ត៌មានថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានរំលោភបំពានចូលដែនឯកជនរបស់ពួកគាត់ មុនធ្វើការបណ្តេញចេញ។
លោក ឡុង សេងគឹមហុង តំណាងឲ្យអតីតបុគ្គលិកស្ថានទូតអាមេរិកទាំង៣២នាក់ បានអះអាងថា ប្រធានសន្តិសុខរបស់ស្ថានទូត អាមេរិកប្រចាំនៅកម្ពុជា បានដកហូតទូរស័ព្ទ របស់អតីតបុគ្គលិក យកទៅឆែកមើល ដោយគ្មានការអនុញ្ញាតពីម្ចាស់ទូរស័ព្ទ និងមិនបានឆ្លងកាត់តុលាការត្រឹមត្រូវ ហើយធ្វើការចោទប្រកាន់ដោយមិនសមហេតុផល ទៅលើម្ចាស់ទូរស័ព្ទ។
លោកបានអះអាងយ៉ាងដូច្នេះថា៖ «Massager Group ជា Privacy ហេតុអ្វី ស្ថានទូតអាមេរិកទៅមើល ទៅ Hack យ៉ាងម៉េច? បើសិនជាគិតថាមានបញ្ហាគួរតែប្តឹងទៅតុលាការ បានអាចមកឆែក Privacy ខ្ញុំបាន រឿងអ្វីមិនទាន់ប្តឹងទៅតុលាការផង មកឆែក Privacy ខ្ញុំមិនមែនផេកស្ថានទូតអាមេរិកឯណា»។
សូមជម្រាបថា នៅព្រឹកនេះ អតីតបុគ្គលិកជាង២០នាក់ ក្នុងចំណោម៣២នាក់ ដែលបម្រើការងារក្នុងស្ថានទូតអាមេរិកចាប់ពី ៥ឆ្នាំ ដល់ ជាង២០ឆ្នាំ បាននាំគ្នាតវ៉ានៅមុខស្ថានទូតអាមេរិក លើផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីឲ្យស្ថានទូតប្រទេសមហាប្រជាធិបតេយ្យមួយនេះ ដោះស្រាយរឿងបណ្តេញពួកគាត់ចេញពីការងារ ដោយគ្មានមូលហេតុច្បាស់លាស់ និងគ្មានភស្តុតាងត្រឹមត្រូវ។
បើតាមអតីតបុគ្គលិកទាំងនោះ បានអះអាងថា ការបណ្តេញពួកគាត់ចេញនេះ ស្ថានទូតអាមេរិកលើកយកមូលហេតុមួយ គឺចោទប្រកាន់ពួកគាត់ថា ចែកចាយរូបថតអាសអាភាស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។ ប៉ុន្តែពួកគាត់អះអាងថា មូលហេតុនេះមិនសមរម្យនោះទេ គឺរូបថតនោះ បង្ហោះក្នុង Group Messager ឯកជនហើយក៏មិនដឹងថា ចេញមកពីណាផងដែរ។
ការតវ៉ារបស់អតីតបុគ្គលិកទាំង៣២នាក់ ដែលត្រូវបណ្តេញចេញពីការងារនៅព្រឹកនេះពួកគាត់ទាមទារឲ្យស្ថានទូតអាមេរិកដោះស្រាយ ជូនពួកគាត់ចំនួន៧ចំណុច៖
១៖ ទាមទាររកយុត្តិធម៌ ពីការបញ្ឈប់ពួកគាត់ដោយបង្ខំ និងមិនបង្ហាញភស្តុតាង។
២៖ ទាមទារកែពាក្យពីការបណ្តេញចេញ មកជាការកាត់បន្ថយបុគ្គលិកវិញ។
៣៖ ទាមទារសំណង០៦ខែ ទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។
៤៖ សូមប្តឹងពីបទរំលោភសិទ្ធិបុគ្គលិក ដោយដកហូតយកទូរសព្ទ័ ទៅឆែកមើលគ្រប់រូបភាព និងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយកទូរសព្ទ័ពួកគាត់ មួយចំនួនទៅរក្សាទុកមួយរយៈពេល ។
៥៖ សូមឲ្យទូទាត់លុយមូលនិធិឧបត្ភម (ប្រាក់១២ភាពរយ) ក្នុងខែនេះ ព្រមទាំង០៣ខែកន្លងមក ដែលមិនទាន់ទូទាត់ឲ្យពួកគាត់។
៦៖ សូមទារសំណងជំងឺចិត្តទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិតិ្តយស ដោយចោតប្រកាន់គ្មានភស្តុតាង។
៧៖ សូមឲ្យសហគមបុគ្គលិកខ្មែរមានសិទ្ធិ ចូលរួមដោះស្រាយពីបញ្ហា ការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ការងារ។
អតីតបុគ្គលិករបស់អាមេរិកទាំងនេះ បានបញ្ជាក់ថា បានដាក់ញតិ្តរួចហើយទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងការបរទេសដើម្បីឲ្យជួយដោះស្រាយ និងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់។
ការតវ៉ានៅមុខស្ថានទូតអាមេរិកនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ យ៉ាងអតីតបុគ្គលិកទាំងអស់ បានប្រមាពថា ពួកគាត់ធ្វើការតវ៉ាជាបន្តបន្ទាប់ទៀត រហូតដល់មានការដោះស្រាយជូនពួកគាត់៕