(កោះកុង)៖ លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងខេត្តកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីពាណិជ្ជកម្ម មន្ត្រីសាលាក្រុងខេមរភូមិន្ទ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារ និងតាមលំនៅឋាន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រៅពីការពិនិត្យរាល់មុខទំនិញនេះ ក្រុមការងារ ក៏បានចែកស្លាកសញ្ញាដើម្បីធ្វើការផ្សព្វផ្សាយបន្ត អំពីទំនិញណាហួសកាលបរិច្ឆេទ ថ្ងៃខែឆ្នាំផលិត មិនត្រូវទិញយកទៅបរិភោគឡើយ។
ការចុះពិនិត្យរាល់មុខទំនិញគ្រឿងភេសជ្ជ ត្រី សាច់ មឹក បង្គា របស់អាជីវករនេះ លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានលើកឡើងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព ផលិតផលទំនិញ និងសេវា និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅ ខាងក្រៅរបស់ម្ហូបអាហារ និងស្លាកសញ្ញាសំបកវេចខ្ចប់ កាលបរិច្ឆេទ កំប៉ុងកំពិតប៉ោង រលួយ។ល។
បើតាមលោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា ក្រុមការងារបានត្រួតពិនិត្យគុណភាព និងភាពអនុលោម ដោយធ្វើការវិភាគជាបឋម ទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ហ៊ុយ ភារម្យ បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញការចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើតាមលំនៅឋាន និងតាមតូប ក្នុងទីផ្សារដងទង់ ដែលអាជីវករដាក់តាំងលក់សាខាកាំកុងត្រូល បានរកឃើញមុខទំនិញ នំកញ្ចប់ជិតដប់កញ្ចប់ដែលហួសកាលបរិច្ឆេទ។
លោកបានធ្វើការអំពាវរនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានកាលបរិច្ឆេទ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ទាំងសុខមាលភាព និងសេដ្ឋកិច្ច៕