(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រចាស់ជរា មានជម្ងឺរ៉ាំរ៉ៃប្រចាំកាយ កំពុងសម្រាកព្យាបាលនៅផ្ទះ ជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ចំនួន៨គ្រួសារ រស់នៅក្នុងភូមិឡកំបោរ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានប្ដេជ្ញាចិត្តដឹកនាំគ្រួសារ ទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃ២៩ ខែកក្កដាខាងមុខ បន្ទាប់ពីទទួលបានការថែទាំ និងអំណោយជាគ្រឿង ឧបភោគបរិភោគ នូវអង្ករ២០គីឡូក្រាម ម៊ី តែ ស្កសរ ទឹកផ្លែឈើ ទឹកក្រូច រួមជាមួយថវិកាក្នុងមួយគ្រួសារៗ៤ម៉ឺនរៀល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ពីកាកបាទក្រហមកម្ពុជា។
អំណោយទាំងនេះ ត្រូវបានលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោកស្រី សួស សូលីដា ប្រធាន និងអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខណ្ឌឬស្សីកែវ រួមដំណើរដោយសហការីមួយចំនួន តំណាងឲ្យលោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌឬស្សីកែវ នាំយកទៅចែកជូន តាមការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកាបាទក្រហមកម្ពុជា។
នៅចំពោះមុខប្រធាន អនុប្រធាន និងសហការី នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខណ្ឌឬស្សីកែវ ប្រជាពលរដ្ឋ បានប្រកាសប្ដេជ្ញាចិត្តបន្ដបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃ២៩ ខែកក្កដាខាងមុខ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេស ទទួលបានសុខសន្តិភាព និការអភិវឌ្ឍន៍បន្តទៀត។
ក្នុងឱកាសនោះ លោកស្រី អាន ផល្លា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។
លោកស្រី ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព៕