(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបញ្ជូនអ្នកសង្កេតការណ៍ជាន់ខ្ពស់ពីរក្រុម មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ នេះជាការបញ្ជាក់របស់លោក ស៊ូ ឌីរ៉ាម៉ាន់ ហាស់សេន ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ក្នុងពេលជួបសម្តែងការគួរសមជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានដកស្រង់សម្តីរបស់លោកឯកអគ្គរដ្ឋទូតពីក្នុងជំនួបមកបញ្ជាក់ថា «ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនអំពីការ សម្រេចរបស់រដ្ឋាភិបាល ឥណ្ឌូនេស៊ីបញ្ជូនអ្នកសង្កេតការណ៍ចំនួនពីរក្រុម មកចូលរួមសង្កេតការបោះឆ្នោតទូទៅ នៅកម្ពុជាក្នុងខែកក្កដានេះ ដែលក្រុមមួយដឹកនាំដោយឥស្សរៈជនជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី ហើយក្រុមមួយទៀត ដឹកនាំដោយអ្នកការទូតជាន់ខ្ពស់របស់ឥណ្ឌូនេស៊ីមកចូលរួមជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតនៅកម្ពុជា»។
បើតាមលោក ជុំ សុន្ទរី នៅក្នុងជំនួបនាព្រឹកមិញនេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានបញ្ជាក់ពីបំណង នៃការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យផ្សេងៗទៀតជាមួយកម្ពុជា ឲ្យកាន់តែល្អប្រសើរ។ ជាពិសេស បញ្ជាក់ជំហររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ពីការគោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងឈានចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានគណៈនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ជាមួយចំនួនអ្នកបោះឆ្នោតនៅលើបញ្ជីឈ្មោះបោះឆ្នោតជាង៨.៣លាននាក់។ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើន បានចុះឈ្មោះចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតនេះផងដែរ។
តាមរយៈការចូលរួមដ៏ច្រើនរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនេះ គឺជាចំណែកមួយបង្ហាញឲ្យឃើញពីតម្លាភាព និងយុត្តិធម៌ នៃដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា តាមរបបលទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជាបានរកបានមកដោយលំបាក និងប្រឹងប្រែងប្រកាន់ខ្ជាប់រយៈពេល២៥ឆ្នាំមកហើយ៕