(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះ បានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃរបស់លោកក្នុងទីក្រុងប៉េកាំងហើយ មុននឹងត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
លោក គីម ជុងអ៊ុន ត្រូវបានទូរទស្សន៍រដ្ឋចិន CCTV ទទួលស្គាល់ថា បានមកដល់ប្រទេសចិននៅព្រឹកថ្ងៃអង្គារនេះ ក្រោយសារព័ត៌មានជប៉ុន Nikkei រាយការណ៍ថា លោក គីម បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដោយជិះលើយន្ដហោះ An-148 របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo។
បន្ថែមពីលើនេះ CCTV ក៏បានឱ្យដឹងដែរថា ក្រោយធ្វើដំណើរមកដល់អាកាស យានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង លោក គីម បានចាកចេញដំណើរភ្លាម ឆ្ពោះទៅកាន់ផ្ទះសំណាក់រដ្ឋ ដាវយូថៃ (Diaoyutai) ក្នុងទីក្រុងប៉េកាំង ដែលជាគោលដៅដំបូង នៃដំណើរទស្សនកិច្ចពីរថ្ងៃរបស់លោក នៅក្នុងប្រទេសចិន។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចជាលើកទី ៣ របស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសចិនក្នុងឆ្នាំ២០១៨នេះ ក្រោយលោកបានជួបជាមួយលោក ស៊ី ជិនពីង នៅខែមីនា និងខែឧសភា កន្លងទៅ។ លោក គីម នឹងត្រូវស្នាក់ក្នុងប្រទេសចិន រយៈពេលពីរថ្ងៃចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃពុធស្អែក ដើម្បីជួបពិភាក្សាការងារជាមួយ លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងលទ្ធផល នៃកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ នៅសិង្ហបុរី ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅពេលអនាគត៕