(ភ្នំពេញ)៖ ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិតាមរយៈសេវាសាធារណៈរថយន្តក្រុង, រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសឲ្យប្រើប្រាស់កាតអេឡិកត្រូនិច ដើម្បីទូទាត់សាច់ប្រាក់ នៅពេលធ្វើដំណើរម្តងៗ ដោយមិនចាំបាច់ប្រើសាច់ប្រាក់ដោយផ្ទាល់នោះទេ។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការប្រើប្រាស់ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក នៅលើរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណតរថយន្តក្រុង ទីលានប្រជាធិបតេយ្យថ្មី ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាល នៃធនាគារឯកទេសវីង។

លោក ឃួង ស្រេង បានថ្លែងថា សេវាកម្មប្រើប្រាស់កាតអេឡិចត្រូនិក សម្រាប់ទូទាត់សាច់ប្រាក់ នៅពេលធ្វើដំណើរតាមរថយន្តក្រុងម្តង គឺវាបង្កើនភាពងាយស្រួលដល់អ្នកដំណើរគ្រប់ប្រភេទទាំងជាតិ និងអន្តរជាតិ ហើយក៏បញ្ជាក់ឲ្យបានឃើញកាន់តែច្បាស់ផងដែរ ពីការរីកចំរើនផ្នែកសេដ្ឋកិច្ច នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល។

លោក ឃួង ស្រេង បានបន្តថា ការប្រើប្រាស់កាតអេឡិចត្រូនិកទូទាត់សាច់ប្រាក់នៅលើសេវារថយន្តក្រុងសាធារណៈនេះ គឺរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង សហការជាមួយក្រុមហ៊ុនវីង ជាអ្នកលក់កាតអេឡិចត្រូនិក ជូនអតិថិជន។ ដើម្បីបង្កើនភាពងាយស្រួល ដោយសារបច្ចុប្បន្ន មានអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនជាង២ម៉ឺននាក់ ក្នុង១ថ្ងៃ។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានស្នើដល់អ្នកបើកបររថយន្តក្រុងសាធារណៈ ត្រូវប្រកាន់ខ្ជាប់នូវវិន័យក្នុងការបើកបរ ទោះបីអ្នកដំណើរនៅក្នុងរថយន្តប្រញាប់យ៉ាងណាក៏ដោយ ដាច់ខាតត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហមត្រូវឈប់។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានថ្លែងថា ប្រព័ន្ធទូទាត់តាមកាតអេឡិចត្រូនិក សំរាប់អ្នកដំណើរតាមរថយន្តក្រុង គឺមានចំនួន១៤៥៩ ដែលពួកគាត់បានប្រើប្រាស់រថយន្តក្រុងចំនួនជាង៥ម៉ឺន២ពាន់ដង។ លោកបន្តថា ការដែលប្រើប្រាស់កាតអេឡិចត្រូនិចនេះ គឺវាមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងចំណូល និងទិន្ន័យអតិថិជន។

លោក អ៊ាន សុឃីម បានបន្តថា សម្រាប់កាតអ្នកជិះរថយន្តក្រុងមានពីរប្រភេទ ប្រភេទពណ៌ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារអាយុក្រោមកម្ពស់១ម៉ែត្រ ដែលអាចជិះរថយន្តក្រុងចំនួន១៨០ដង ដោយឥតគិតថ្លៃ ដែលកាតលក់ ក្នុងតម្លៃ៤ពាន់រៀល។ ចំពោះកាតពណ៌បៃតង មានតម្លៃ៦ពាន់រៀល និង១ម៉ឺនរៀល សម្រាប់អ្នកដំណើរទូទៅ។

គួរបញ្ជាក់ថា បច្ចុប្បន្នមានរថយន្តក្រុងសាធារណៈ​ ចំនួន១៥៥គ្រឿង ដែលកំពុងធ្វើចរាចរណ៍នៅលើផ្លូវសំខាន់ៗចំនួន៨ខ្សែ៕