(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១០៖៣០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់បានយាងគោរពវិញ្ញាណក្ខន្ធសពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ ដែលកំពុងត្រូវបានតម្កល់នៅវត្តបុទុមវត្តី ខណ្ឌដូនពេញ មុនធ្វើការបូជានៅថ្ងៃស្អែក។
កាលពីម្សិលមិញ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីជូនដំណឹង អំពីការទទួលមរណភាពរបស់អ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅពេលដង្ហែសម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច យាងទៅសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។
ពិធីបុណ្យសពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ បានធ្វើឡើងនៅក្នុងបរិវេណ វត្តបុទុមវត្តី ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងពិធីបូជាសពនៅព្រឹកថ្ងៃពុធទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅបរិវេណខាងមុខវត្តបុទុមវត្តី។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុកព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសាររថយន្តឈ្នួលហាយឡែនឌើ បានព្យាយាមបើកជែងរថយន្តធំមួយបើកក្នុងទិសដៅស្របគ្នាក្នុងទិសដៅពីព្រះសីហនុ មកភ្នំពេញ ក៏ជ្រុលចូលទៅបុកព្រះទីនាំងសម្តេចក្រុមព្រះ ដែលមានទិសដៅផ្ទុយគ្នានោះតែម្តង។
គ្រោះថ្នាក់នេះ បានធ្វើឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសម្តេចក្រុមព្រះបានរងរបួសធ្ងន់ធ្ងរ។ ដោយឡែក ភាគីរថយន្តហាយឡែនឌើវិញ ដែលមានអ្នកជិះរហូតដល់ទៅ៦នាក់ បានរងរបួសធ្ងន់ស្រាល តែបុរសជនជាតិចិនម្នាក់ ដែលជិះក្នុងរថយន្តហាយឡែនឌើដែរ គឺរងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ដោយឡែក អ្នកបើកបររថយន្តសម្តេចក្រុមព្រះ បានរងរបួសស្រាល។
កាលពីម្សិលមិញ តុលាការខេត្តព្រះសីហនុ ក៏បានចេញដីកាឃុំខ្លួនអ្នកបើករថយន្តតាក់ស៊ីដាក់ពន្ធនាគារផងដែរ៕