(រតនគិរី)៖ ដំរីនៅខេត្តរតនគិរីមានមិនច្រើនទេ ប៉ុន្តែយ៉ាងហោចណាស់ក៏មានដំរីញីឈ្មោលចំនួន៤ក្បាលដែរ ដែលត្រូវបានអភិរក្សនៅក្នុងសមាគមអភិរក្សដំរីខ្មែរ «អៃរាវត្តា»ប្រៀបបានកេរមរតកដ៏កម្រមួយរបស់ប្រជាជាតិខ្មែរ ពិសេសដំរីទាំង៤ក្បាលនោះ ក៏ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ខេត្តភាគឦសាននេះផងដែរ ប៉ុន្តែភ្ញៀវទេសចរហាក់មិនសូវបានឃើញច្រើននៅឡើយ។
ធ្វើដំណើរចេញពីក្រុងបានលុងឆ្ពោះទៅទិសខាងត្បូង ប្រមាណតែ១០គីឡូម៉ែត្រប៉ុណ្ណោះ ពោលមិនយូរជាងកន្លះម៉ោងទេ ភ្ញៀវទេសចរនឹងទៅសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នៃស្រុកលំផាត់ នៃខេត្តរតនគិរីនេះជាក់ជាមិនខាន។
បើតាមលោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានបញ្ជាក់ប្រាប់ក្រុមបេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» ថា ក្នុងសមាគមរបស់លោកស្រីមានដំរីញីចំនួន ១ក្បាល មានឈ្មោះ អ៊ីកែវ និងដំរីឈ្មោលចំនួន ៣ក្បាល មានឈ្មោះបុកវ៉ា, កាំសែន និងឈ្មោះបាកម៉ៃ ដែលដំរីញីឈ្មោលទាំងនេះសុទ្ធសឹងតែពេញកម្លាំង។
លោកស្រីបានបន្តថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តារបស់លោកស្រីបង្កើតឡើងបានជាង៣ឆ្នាំមកហើយ ក្នុងគោលបំណងជួយអភិរក្សដំរីរបស់ខ្មែរឱ្យនៅគង់វង្សយូរអង្វែង ក៏ដូចជាជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តរតនគិរី លើកកម្ពស់ជីវភាពប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅទីនោះ ដែលពួកគាត់ភាគច្រើនជាហ្មដំរីជូនភ្ញៀវដើរទស្សនាក្នុងព្រៃ។ ការចិញ្ចឹមថែទាំដំរីខ្មែរទាំង៤ខាងលើនេះ ក៏មានការសហការជាមួយសហគមន៍កាទៀង ដែលជាសហគមន៍អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌ប្រចាំតំបន់នេះផងដែរ។
ចំពោះដំរីទាំង៤ក្បាលនោះទៀតសោត ក៏ត្រូវបានថែទាំយ៉ាងត្រឹមត្រូវដោយក្រុមហ្មដំរីនៅទីនោះ ដែលម្នាក់ៗមានបទពិសោធន៍ថែទាំដំរីជាយូរឆ្នាំមកហើយ។ ហ្មដំរីបានបញ្ជាក់ថា នៅរដូវប្រាំងភ្ញៀវទេសចរនិយមមកទស្សនា និងជិះដំរីដើរលេងច្រើនជាងរដូវវស្សា ពីព្រោះតែនៅរដូវប្រាំងផ្លូវធ្វើដំណើរពីក្រុងបានលុងទៅសមាគមដំរីអៃរាវត្តាងាយស្រួលជាងរដូវវស្សា។ នៅពេលមានភ្ញៀវច្រើន ក្រុមពួកគាត់អាចរកចំណូលបានពី ៤០-៥០ម៉ឺនរៀល ក្នុងមួយថ្ងៃ។
បើតាមការអះអាងរបស់លោកស្រី ខៃ ចិន្តា សម្រាប់ភ្ញៀវទេសចរដែលចង់មកទស្សនាដំរីនៅខេត្តរតនគិរីនេះ អាចទំនាក់ទំនងជាមួយក្រុមការងារលោកស្រីបាន ពីព្រោះលោកស្រីក៏មានសេវាកម្មដឹកជញ្ជូនភ្ញៀវពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនឆ្ពោះមកខេត្តរតនគិរីនេះ ហើយថែមទាំងមានទទួលសេវាស្នាក់នៅ និងម្ហូបអាហារក្នុងសណ្ឋាគារទែរូ ក្នុងក្រុងបានលុង សេវាកម្មជូនភ្ញៀវដើរទស្សនានៅតាមតំបន់ទេសចរណ៍នានា ក្នុងខេត្តភាគឦសានប្រទេសនេះផងដែរ។
សូមជម្រាបថា កំណប់ទេសចរណ៍ថ្មីនេះ ត្រូវបានពើបប្រទះជាលើកដំបូងដោយក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» ខណៈកំពុងបំពេញបេសកកម្មក្នុងថ្ងៃទី២របស់ខ្លួន នៅក្នុងសហគមន៍កាទៀង ក៏ដូចជាសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកលំផាត់ ខេត្តរតនគិរី។ ដំណើរបេសកកម្មឆ្ពោះមកខេត្តរតនគិរីនេះ ជាបេសកកម្មលើកទី៣ហើយ បន្ទាប់បេសកកម្មលើកទី១នៅខេត្តពោធិ៍សាត់ និងលើកទី២នៅខេត្តកំពង់ស្ពឺ។
បេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» នេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន ស្ដារអូតូ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលរថយន្តទំនើបជាងគេនៅកម្ពុជា Mercedes-Benz សហការផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិច ThmeyThmey ក្នុងគោលបំណងចេញប្រតិបត្តិការរុករកតំបន់ទេសចរណ៍នៅព្រហ្មចារីថ្មីៗ ដែលរាយប៉ាយពាសពេញដែនដីសុវណ្ណភូមិនៃប្រទេសកម្ពុជា ហើយគ្មានមនុស្សស្គាល់ ឬមានមនុស្សតិចបំផុតដែលបានស្គាល់ ដើម្បីយកមកផ្សព្វផ្សាយបង្ហាញប្រិយមិត្ត ពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានទស្សនាឃើញច្បាស់ និងអន្ទងចិត្តបញ្ចុះបញ្ចូលឲ្យពួកគេឲ្យរីករាយក្នុងការធ្វើដំណើរទៅទស្សនានៅទីនោះជាបន្តបន្ទាប់ សំដៅពង្រីកសក្តានុពលទេសចរណ៍ដែលមានស្រាប់នៅកម្ពុជា ឲ្យកាន់តែមានសកម្មភាពរស់រវើក៕