(ភ្នំពេញ)៖ អតីតបុគ្គលិកនៃស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ប្រមាណជាង២០នាក់ នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកគ្នាតវ៉ានៅមុខ ស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់ត្រូវបានស្ថានទូតបណ្តេញចេញពីការងារ ដោយមិនមានហេតុផលច្បាស់លាស់ ដែលពួកគាត់អាចទទួលយកបាន។
អតីតបុគ្គលិកទាំងនោះ ដែលមានចំនួនសរុប ៣២រូប ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បញ្ឈប់ពួកគាត់ចេញពីការងារ កាលពីខែមេសា ឆ្នាំ២០១៨ ដោយចោទប្រកាន់ថា បុគ្គលិកទាំងនោះ បានចែករំលែកនូវរូបភាព អាសអាភាស មិនសមរម្យ នៅក្នុងក្រុមមួយដាច់ដោយឡែករបស់ពួកគាត់ ដោយប្រើប្រាស់កម្មវិធី Facebook Messenger។
ក្រោយមានការបញ្ឈប់បែបនេះ អតីតបុគ្គលិកស្ថានទូតអាមេរិកទាំងនោះ បានសម្តែងការមិនពេញចិត្ត ហើយទាមទារឱ្យស្ថានទូតទទួលពួកគេ យកទៅធ្វើការវិញ។ ក្រុមអតីតបុគ្គលិកស្ថានទូតអាមេរិក ក៏បានដាក់លិខិតសុំការអនុញ្ញាតពីអភិបាលរាជធានីភ្នំពេញ ដើម្បីប្រមូលផ្តុំការតវ៉ារបស់ពួកគាត់ផងដែរ។
បើតាមលិខិតស្នើសុំតវ៉ាដោយអហិង្សា ពីសំណាក់បុគ្គលិកទាំង៣២នាក់ ទៅកាន់អភិបាលរាជធានីភ្នំពេញ គឺពួកគាត់បានបញ្ជាក់ថា «ការិយាល័យធនធានមនុស្សរបស់ ស្ថានទូតអាមេរិក បានបញ្ឈប់យើងខ្ញុំ ពីការងារដោយអយុត្តិធម៌ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបញ្ហា (Facebook messenger group) ដោយគ្មានមូលហេតុច្បាស់លាស់»។
យ៉ាងណាមិញ សាលារាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យអតីតបុគ្គលិកស្ថានទូតអាមេរិក ឲ្យធ្វើតវ៉ាដោយអហិង្សា និងធ្វើសន្និសីទកាសែត នៅថ្ងៃនេះចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានអ្នកចូលរួមប្រមាណ២០នាក់ នៅមុខស្ថានទូតផ្ទាល់តែម្ដង ប៉ុន្ដែពុំអនុញ្ញាតឲ្យមានការដង្ហែក្បូនចេញពីទីតាំងណាមួយ ឆ្ពោះមកកន្លែងរៀបចំពិធីឡើយ។
អតីតបុគ្គលិកដែលស្ថានទូតអាមេរិក បញ្ឈប់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ បានធ្វើការទាមទារនូវចំណុចមួយចំនួន៖ ទាមទាររកយុត្តិធម៌ ពីការបញ្ឈប់ពីការងារដោយបង្ខំ និងមិនបង្ហាញភ័ស្ដុតាង, ទាមទារកែពាក្យពីការបណ្ដេញចេញ មកជាការកាត់បន្ថយបុគ្គលិកវិញ និងទាមទារសំណង៦ខែ ទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។
បន្ថែមពីនេះពួកគាត់ ក៏សូមប្ដឹងពីបទល្មើសរំលោភសិទ្ធិបុគ្គល ដោយដកហូតយកទូរស័ព្ទទៅឆែករកមើលរូបភាព និងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយក ទូរស័ព្ទរបស់ពួកគាត់ មួយចំនួនរក្សាទុកមួយរយៈទៀតផង, សូមឲ្យទូទាត់លុយមូលនិធិឧបត្ថម្ភ (ប្រាក់១២ភាគរយ) ក្នុងខែនេះតែម្ដង ព្រោះរយៈពេល៣ខែ មកហើយមិនទាន់ទូទាត់ឲ្យទេ, សូមប្ដឹងទារសំណងជំងឺចិត្ត ទៅលើការបង្ខូចកេរ្ដិ៍ឈ្មោះ និងកិត្តិយសរបស់ពួកគាត់ទាំងអស់គ្នា ដោយសារតែការចោទប្រកាន់ គ្មានភ័ស្ដុតាងច្បាស់លាស់ និងសូមឲ្យសមាគនបុគ្គលិកខ្មែរមានសិទ្ធិ ចូលរួមដោះស្រាយរាល់បញ្ហាការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពអយុត្តិធម៌ និងមិនត្រឹមត្រូវទៅតាមច្បាប់នៃសៀវភៅការងារ។
ទោះជាយ៉ាងនេះក្តី ជុំវិញបញ្ហានេះ បណ្តាញព័ត៌មាន Fresh News មិនទាន់ទទួលបានការបកស្រាយណាមួយពីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជានៅឡើយទេ៕