(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៨រូប។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។
មន្រ្តីជាន់ខ្ពស់ទាំង៨រូប ដែលព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោរពងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានេះរួមមាន៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត នេត បារ៉ុម , បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា, លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់និងជាធនាគារខួរក្បាលមួយរបស់ជាតិ។ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ឥស្សរជន និងបញ្ញាជនជាន់ខ្ពស់របស់ជាតិ ដែលជាគោរមវន្តទាំង០៨រូប ដែលបានជ្រើសរើសចេញពីការបោះឆ្នោត និងការពិនិត្យវិនិច្ឆ័យដោយក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជានេះ នឹងរួមចំណែកក្នុងការងារអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រស់រវើក និងមានសន្ទុះទ្វេឡើង ព្រមទាំងខិតខំសម្រេចឱ្យបាននូវស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកជូនអ្នកជំនាន់ក្រោយ ហើយដើរតួនាទីជាគំរូទាំងស្នាដៃ និងកិត្តិស័ព្ទដល់ឥស្សរជននិងបញ្ញាជនដទៃទៀត។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានគូសបញ្ជាក់ថា ការដែលព្រះមហាក្សត្រប្រោសព្រះរាជទានគោរពងារដល់ឥស្សរជន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានេះ បន្ទាប់ពីបានពិនិត្យឃើញថា ពួកគាត់សុទ្ធតែមានស្នាដៃធំធេងក្នុងបុព្វហេតុសង្គមជាតិ។ មន្រ្តីជាន់ខ្ពស់ទាំង៨រូបមានគុណបំណាច់ខុសៗគ្នាទៅតាមជំនាញរបស់ពួកគាត់។ ខាងក្រោមនេះ គឺជាគុណសម្បត្តិរបស់ពួកគាត់។
១. លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាឥស្សរជន មានស្នាដៃដឹកនាំស្ថាប័ន និងបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ ជាពិសេសលោកជាឥស្សរជនសំខាន់មួយរូប ដែលបានដឹកនាំអនុវត្តគោលនយោបាយសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រមាណ៧% និងអាចធានាបានចក្ខុវិស័យនាពេលខាងមុខក្នុងគោលដៅជំរុញ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
២. លោកបណ្ឌិត នេត បារ៉ុម ជាសាស្ត្រចារ្យ ជាអ្នកវិទ្យាសាស្ត្រលេចធ្លោ និងជារៀមច្បងមួយរូបក្នុងការអប់រំ និងបណ្តុះបណ្តាលគ្រូនិងនិស្សិតក្នុងវិស័យគីមីដោយគិតចាប់តាំងពីឆ្នាំ១៩៧៩ រៀងរហូតមក។ សមត្ថភាព ស្នាដៃរបស់លោកមានការទទួលស្គាល់ក្នុងកម្រិតជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយ។
៣. លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាសាស្រ្តាចារ្យ ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ លោកបានរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍វិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងបានស្រាវជ្រាវចងក្រងស្នាដៃជាច្រើនដែលមានតម្លៃសម្រាប់មន្ត្រីរាជការ, និស្សិត, បញ្ញវន្ត និងសាធារណជនទុកប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវបន្ត។
៤. លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានរួមចំណែកដឹកនាំ និងអនុវត្តយ៉ាងសកម្មក្នុងវិស័យអសប់រំ ក្នុងនាមជាអ្នកជំនាញ ដោយបានកាន់តំណែងជាបន្តបន្ទាប់ក្នុងក្រសួងអប់រំ យុវជន និងកីឡា តាំងពីថ្នាក់ប្រធាននាយកដ្ឋានរហូតបានបំពេញតួនាទីជារដ្ឋលេខាធិការ។ លោកបណ្ឌិតសភាចារ្យតែងបានផ្សារភ្ជាប់ការងារទៅនឹងគ្រូបង្រៀនគ្រប់កម្រិតជាប់ជាប្រចាំ ដោយយកការងារផ្តល់កិត្តិយសនិងតម្លៃគ្រូបង្រៀនជាស្នូល ព្រោះថា គ្រូបង្រៀនជាវិស្វករព្រលឹងជាតិ និងបានខិតខំកៀរគរជំនួយគាំទ្រដល់វិស័យអប់រំ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយរក្សាខ្ជាប់នូវភាពជាម្ចាស់ក្នុងការបំពេញភារកិច្ច។
៥. លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាឥស្សរជនជាតិដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍ការងារយ៉ាងទូលំទូលាយ។ រហូតមកដល់បច្ចុប្បន្ននេះ ឯកឧត្ដមធ្លាប់បានបម្រើការងារជាគ្រូបង្រៀន ពីមន្ត្រីសាមញ្ញ មកជាថ្នាក់ដឹកនាំ ជាព្រឹទ្ធាចារ្យ ជាឥស្សរជនគំរូសម្រាប់មន្ត្រីរាជការ មានរយៈពេលជាង៥៩ឆ្នាំ មកហើយ។ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានបំពេញភារកិច្ច មានគុណបំណាច់ និងស្នាដៃជាច្រើនក្នុងការដឹកនាំ គ្រប់គ្រង និងថែរក្សាឧត្តមប្រយោជន៍ជាតិលើវិស័យជាច្រើន ដែលមានការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ អន្តរជាតិ និងអន្តររដ្ឋាភិបាលនានា។
៦. លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ជាឥស្សរជនជាតិជាន់ខ្ពស់មួយរូប ដែលបានបំពេញភារកិច្ចជូនមាតុភូមិដោយមិនខ្លាចនឿយហត់ចាប់តាំងពីឆ្នាំ១៩៧៨ មក ដោយតាំងចិត្តយ៉ាងមោះមុត ម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកាន់ខ្ជាប់ចរិតមហាជន ដែលជាអត្តសញ្ញាណកូនកសិករ ខិតខំបំពេញការងារលើផ្នែកសង្គមកិច្ច វប្បធម៌ និងមនុស្សធម៌ និងខិតខំបំពេញការងារឱ្យបានសម្រេចមិនរាថយជូនប្រទេសជាតិនិងប្រជាជន។
៧. លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបម្រើការងារជូនប្រទេសជាតិ អស់រយៈពេលជាង៤០ឆ្នាំមកហើយ។ ដោយសារសមត្ថភាពការងារ និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចដ៏មោះមុត ឯកឧត្តមបានទទួលមុខតំណែងសំខាន់ៗជាបន្តបន្ទាប់នៅក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន លោកកិត្តិនីតិកោសលបណ្ឌិត បានដឹកនាំនិងអនុវត្តយ៉ាងសកម្មក្នុងវិស័យច្បាប់ ក្នុងឋានៈជាតំណែងជាតំណាងរាស្ត្រ, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសព្វថ្ងៃជាឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរាជរដ្ឋាភិបាល។
៨. លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចាប់ពីឆ្នាំ១៩៩៤រហូតដល់ឆ្នាំ២០១៣ ហើយចាប់ពីឆ្នាំ២០១៣ មក ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, បានរួមចំណែក និងសាងសមិទ្ធផលជាច្រើនពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងសិប្បកម្ម។ សមិទ្ធផលដ៏លេចធ្លោមួយក្នុងវិស័យពាណិជ្ជកម្ម គឺលោកកិត្តិសេដ្ឋាបណ្ឌិតបានដឹកនាំអនុវត្តនូវគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដោយជោគជ័យ ហើយធ្វើឱ្យប្រទេសកម្ពុជាបានទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ។
បើតាមលោកបណ្ឌិត សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តជ្រើសរើសឥស្សរជននិងបញ្ញាជនបន្ថែមទៀត ដែលមានស្នាដៃស្រាវជ្រាវឆ្នើមនិងមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីផ្តល់ជូនគោរមងារទាំងផ្នែកវិទ្យាសាស្ត្រនិងកិ្តយស ឲ្យបានសក្តិសមទៅនឹងការខិតខំប្រឹងប្រែងនិងពលីកម្មក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចការរបស់សង្គមជាតិ៕