(ភ្នំពេញ)៖ ទីបំផុតល្បិចកលរបស់ គល់ បញ្ញា និងអង្គការអាន់ហ្វ្រែល ANFREL (បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ) ក្នុងការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ត្រូវបានបង្ហាញយ៉ាងច្បាស់ក្រឡែតតាមរយៈការចេញរបាយការណ៍របស់អង្គការនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨។ ជារបាយការណ៍ដូចដែលត្រូវបានវាយតម្លៃទុកជាមុនថា អង្គការអាន់ហ្វ្រែល នឹងធ្វើបុរេវិនិច្ឆ័យលើស្ថានការណ៍នយោបាយនៅកម្ពុជាមុនការបោះឆ្នោត ដោយលើកឡើងបែបទុទិដ្ឋិនិយមថា ការបោះឆ្នោតនាពេលខាងមុខនឹងមិនសេរី ត្រឹមត្រូវឡើយ ក្រោយពីដឹងថា នឹងគ្មានការចូលរួមពីខ្មោចបក្សសង្គ្រោះជាតិដែលជាបក្សខ្លួនគាំទ្រ រួមនឹងអ្នកនយោបាយក្បត់ជាតិទាំង ១១៨ នាក់។ របាយការណ៍នេះក៏ជាការដើរបញ្ច្រាសនឹងអ្វីដែលអង្គការអាន់ហ្វ្រែលខ្លួនឯង អះអាងកាលពីថ្ងៃទី១០ ខែមេសាថា ខ្លួនមិនបានលូកលាន់ក្នុងការបោះឆ្នោតនៅកម្ពុជាទេ។
របាយការណ៍អង្គការអាន់ហ្វ្រែល ដែលមាន គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការខុមហ្វ្រែលជាប្រធាន បានបំភ្លៃ និងបំផ្លើសសភាពការណ៍ពិតនៅកម្ពុជា ទាក់ទងនឹងសិទ្ធិសេរីភាពនៃក្រុមអង្គការសង្គមស៊ីវិល សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិយាកាសជុំវិញដំណើរការឃោសនាបោះឆ្នោត។ ការបំផ្លើសខុសពីការពិតនេះគឺជាចេតនាបង្ខូចការបោះឆ្នោតយ៉ាងពិតប្រាកដ ខណៈជាក់ស្តែងគឺប្រជាជនកម្ពុជាច្រើនលើសលប់បានតាំងចិត្ត និងត្រៀមខ្លួនរួចជាស្រេច ទៅបោះឆ្នោតដើម្បីជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ក្នុងការដឹកនាំប្រទេសជាតិឱ្យស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ខុសពីអ្វីដែលគល់ បញ្ញា និងអង្គការអាន់ហ្វ្រែលលើកឡើងកម្ពុជាបានបន្តដំណើរលើវិថីលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សដ៏រស់រវើក ដោយការបោះឆ្នោតនាពេលខាងមុខនឹង មានការចូលរួមប្រកួតប្រជែងពីគណបក្សចំនួន ២០ ហើយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោ បាយត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន។
វាពិតជាមិនចម្លែកឡើយ សម្រាប់កម្ពុជាដែលអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនក្នុងនោះ រួមទាំងអង្គការអាន់ហ្វ្រែល ត្រូវសរសេររបាយការណ៍ដោយក្រុមជនបរទេស ខុសពីស្ថានភាពពិត នៅកម្ពុជា ព្រោះពួកគេបង្កប់ដោយរបៀបវារៈនយោបាយឆ្អិនឆ្អៅមួយ និងចូលរួមឃុបឃិត និងអនុវត្តនូវផែនការរបស់បរទេសដែលជា ចៅហ្វាយនាយរួមគ្នាជាមួយក្រុមអ្នកនយោបាយរត់ចោលស្រុក ក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះ និងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជា។ បរទេសបានឱ្យលុយ បង្កើតអង្គការអាន់ហ្វ្រែល និងជួល គល់ បញ្ញា ឱ្យធ្វើប្រធានដើម្បីគ្រាន់តែការបិទបាំងនូវគោលដៅបម្រើផល ប្រយោជន៍បរទេស ក្រោមរូបភាពយកឈ្មោះខ្មែរទៅប្រើប៉ុណ្ណោះ។ រហូតមកទល់ពេលនេះ របាយការណ៍របស់អង្គការអាន់ហ្វ្រែលមានតែភាសាអង់គ្លេសប៉ុណ្ណោះ មិនមានជាភាសាខ្មែរទេ ដែលនេះកាន់តែបង្ហាញឱ្យ ច្បាស់ថាពួកគេមានចេតនាទុច្ចរិតក្នុងការសម្អុយកេរ្តិ៍ឈ្មោះខ្មែរនៅលើឆាកអន្តរជាតិ និងបម្រើដល់គោលដៅនៃការបំផ្លាញមុខមាត់ និងកិត្យានុភាពកម្ពុជា។
ពួកគេបានមួលបង្កាច់ខុសពីការពិតអំពីសភាពការណ៍នៅកម្ពុជា និងជារៀបចំទុកជាមុននូវរបាយការណ៍មួយដែលបម្រើឱ្យផែនការបដិវត្តន៍ពណ៌តាមរយៈការយកការបោះឆ្នោត បង្កើតជាបញ្ហា បង្កការយល់ច្រឡំ និងការខឹងសម្បាររបស់ប្រជាពលរដ្ឋ ដែលងាយនឹងពួកគេបំបះបំបោរប្រជាពលរដ្ឋ បង្កើតជាចលនាចលសង្គមឡើង។ ប៉ុន្តែពេលនេះអង្គការចាត់តាំងបដិវត្តន៍ពណ៌ត្រូវបានបង្ក្រាប និងរំលាយ គោលបំណងសំខាន់នៃក្រុមសង្គមស៊ីវិលស៊ីឈ្នួលបរទេស ដែលចេញរបាយការណ៍មានលក្ខណៈលម្អៀងទៅរកក្រុមប្រឆាំងនេះ គឺមានចេតនាបំផ្លាញការបោះឆ្នោតនៅកម្ពុជាតែប៉ុណ្ណោះ។
របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីការពិតអំពីនីតិវិធីត្រឹមត្រូវតាមច្បាប់នៃការរៀបចំការបោះឆ្នោត និងបរិយាកាស ប្រកួតប្រជែងដោយស្មើភាព និងតម្លាភាពឡើយ។ ពួកគេបានលម្អៀង និងធ្វើបុរេវិនិច្ឆ័យទុកជាមុនថា បើគ្មានការចូលរួមពីខ្មោចគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកនយោបាយត្រូវបានហាមឃាត់សិទ្ធិទាំង ១១៨ នាក់ គឺការ បោះឆ្នោតនេះនឹងមិនសេរី យុត្តិធម៌ឡើយ។ ពួកគេធ្វើជាមិនឃើញនូវការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ និងបរិយាកាស ល្អ ប្រកបដោយសុខសន្តិភាព និងសិទ្ធិសេរីភាពពេញលេញរបស់ពលរដ្ឋខ្មែរក្នុងការបោះឆ្នោត។ ទោះដឹងថារបាយការណ៍របស់អង្គការអាន់ហ្វ្រែលជាការប្រឌិតក្រោមហេតុផលនយោបាយក៏ដោយ ក៏អង្គការសង្គមស៊ីវិលមួយចំនួន រួមនឹងជនបរទេស ព្រមទាំងបុគ្គល មួយចំនួនតាំងខ្លួន ជាអ្នកវិភាគឯករាជ្យនឹងនាំគ្នាបន្ទរតាមរបាយការណ៍នេះ និងទះដៃអបអរសាទរថាត្រឹមត្រូវទាំងងងឹតងងុល និងលង់ក្នុងឧបាយកលរបស់បរទេសបំផ្លាញជាតិឯង។
របាយការណ៍ដែលចេញនៅមុនពេលបោះឆ្នោតនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្របំផ្លាញការបោះឆ្នោតរបស់បរទេសដែលជាចៅហ្វាយនាយក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់។ ពួកគេជួលក្រុមសង្គមស៊ីវិលក្នុងស្រុក និងសង្គមស៊ីវិលបរទេសមួយចំនួនធ្វើរបាយការណ៍បែបបង្កាច់បង្ខូចសភាពការណ៍ពិតដើម្បីបម្រើគោលដៅនយោបាយពួកគេ។ ឥឡូវច្បាស់ហើយថា មិនមែនត្រឹមតែអង្គការអាន់ហ្វ្រែលទេដែលបំពានពាក្យសម្តីខ្លួន ថាមិនលូកលាន់នឹងការបោះឆ្នោតនៅកម្ពុជា សូម្បីសម្តី គល់ បញ្ញា ថាមិនបានបម្រើបរទេស ក៏បានក្លាយជាគ្មានន័យព្រោះពួកគេបានបំភ្លេច និងបំពានពាក្យសម្តីរបស់ខ្លួន។ ពួកគេនឹងបន្តធ្វើសកម្មភាពបន្ថែមទៀតពីពេល នេះរហូតដល់ក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ខាងមុខ ព្រោះពួកគេទទួលលុយពីបរទេស នោះត្រូវតែ សម្រេចនូវក្តីប៉ងប្រាថ្នា និងផែនការរបស់ចៅហ្វាយនាយខ្លួន។
ប្រសិនបើអង្គការខុមហ្វ្រែ និកហ្វិក និងអាន់ហ្វ្រែលពិតជាគោរពពាក្យសច្ចៈ និងមានលក្ខណៈអព្យាក្រឹត្យ ឯករាជ្យដូចដែលខ្លួនទន្ទេញឡើងចាំមាត់មែននោះ ពួកគេមិនមែនធ្វើជាអ្នកនាំពាក្យឱ្យខ្មោចបក្សសង្គ្រោះជាតិ និងប្រើប្រាស់សារដូចគ្នាជាមួយក្រុមអ្នកនយោបាយប្រឆាំងថាសំឡេងពលរដ្ឋជាងកន្លះប្រទេសត្រូវបានបំបាត់ ដូច្នេះខ្លួនមិនចូលរួមសង្កេតការណ៍បោះឆ្នោតឡើយ។ តាមពិត គឺពួកគេធ្វើដើម្បីតែបុព្វហេតុខ្មោចបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ និងម្យ៉ាងទៀត ចៅហ្វាយនាយ បរទេសខ្លួន មិនបន្តផ្តល់ថវិកាសម្រាប់ជួលអ្នកសង្កេតការណ៍ ព្រោះមិនដឹងធ្វើដើម្បីប្រយោជន៍អ្វី បើតួអង្គបដិវត្តន៍ពណ៌របស់ខ្លួនត្រូវបានរំលាយទៅហើយ។ ប៉ុន្តែក្រុមសង្គមស៊ីវិលស៊ីឈ្នួលបានទាញចំណេញផ្នែកនយោបាយថាខ្លួនមិនចូលរួមសង្កេតការណ៍ដោយសារតែការបោះឆ្នោតខាងមុខមិនសេរី ត្រឹមត្រូវទៅវិញ!
គល់ បញ្ញា ដឹកនាំអង្គការ ANFREL គឺជាការបង្កើតនូវបន្ទប់ស្ថានការណ៍សង្គ្រាមថ្មីមួយជំនួសឱ្យបន្ទបស្ថានការណ៍តាមដានការបោះឆ្នោតដែលពួកគេបានបង្កើតនាពេលកន្លងមក និងត្រូវបានក្រសួងមហាផ្ទៃប្រាប់ថា ជាបន្ទប់ស្ថានការណ៍ខុសច្បាប់។ ការគាំទ្រផ្នែកនយោបាយ និងថវិកាបង្កើតបន្ទប់ស្ថានការណ៍បោះឆ្នោតនៅក្រៅប្រទេស គឺជាការបន្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា ហើយជនជាតិកម្ពុជាដូចជាគល់ បញ្ញា និងអង្គការរបស់ខ្លួនបាននិងកំពុងបម្រើមហិច្ឆតាបរទេស បំផ្លាញជាតិខ្លួនឯងយ៉ាងច្បាស់ក្រឡែត មិនអាចប្រកែកបានឡើយ។ យុទ្ធសាស្ត្រថ្មីរបស់ពួកគេគឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយ ចំនួន ដែលគាំទ្របក្សប្រឆាំងដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រមូលនិធិពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការ បង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោត សកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ តែប៉ុណ្ណោះ៕
ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨