(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម ៨២ព្រះវស្សា យាងចូល ៨៣ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា តាងនាមឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា បានថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី។
សម្តេចប្រធានរដ្ឋសភា ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមាហក្សត្រីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលគ្រងរក្សាប្រោសព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំងប្រទេសជានិច្ចនិរន្ត្តរ៍៕