(ភ្នំពេញ)៖ លោក រ័ត្ន ស្រ៊ាង រួមជាមួយក្រុមការងារ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ជាលើកទី២ សរុបប្រមាណ១,១០០នាក់ ក្នុងបរិយាកាស រីករាយស្និតស្នាល ដោយក្នុងពិធីជួបជុំនោះ គេសង្កេតឃើញប្រជាពលរដ្ឋ និងក្រុមការងារទាំងអស់ បានបញ្ចេញនូវទឹកមុខញញឹមញញែម រុះរាយរាក់ទាក់ និងបរិភោគអាហារសម្រន់ ការ៉េម នំប៉័ង ទឹកសុទ្ធ ទឹកអំពៅជាមួយគ្នា ប្រកបដោយភាពសាមញ្ញ ក្នុងនាមជាជនរួមជាតិខ្មែរតែមួយ។
សកម្មភាពចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋដល់មូលដ្ឋានរបស់លោក រ័ត្ន ស្រ៊ាង មិនត្រឹមតែជាការបង្កើនភាពស្និតស្នាល ជាមួយប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងទទួលបានព័ត៌មានជាក់ស្តែង ស្តីពីស្ថានភាពរស់នៅ តម្រូវការ និងទឹកចិត្តពិត របស់ប្រជាពលរដ្ឋទូទាំងភូមិផងដែរ។
ថ្លែងក្នុងឱកាសសំណេះសំណាលនោះ លោក រ័ត្ន ស្រ៊ាង បានលើកឡើង អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមដំបូលសន្តិភាព ដែលបានមកពី នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដំណាលជូនប្រជាពលរដ្ឋ ក្នុងភូមិព្រែករទាំងបានជ្រួលជ្រាបយល់ច្បាស់គ្រប់ៗគ្នា។
ប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវការឯកភាពលើគុណបំណាច់ដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិសាសន៍ខ្មែររួចផុតពី ភ្នក់ភ្លើងសង្គ្រាម និងនាំសន្តិភាពពេញលេញជូនដល់ប្រទេសជាតិ រហូតមានការអភិវឌ្ឍលូតលាស់លើគ្រប់វិស័យ គ្រប់ទីកន្លែង ដូចឃើញជាក់ស្តែង ផ្ទាល់ភ្នែកមិនអាចប្រកែកបាន។ ប្រជាពលរដ្ឋដែលចូលរួមទាំងអស់ បានបញ្ជាក់ថា ពួកគាត់ពិតជាស្រឡាញ់សន្តិភាពនេះណាស់ ជាពិសេសពួកគាត់ គោរពស្រឡាញ់គាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនតទៅទៀតជានិរន្តរ៍។
ពាក្យចាស់លោកពោលថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន! វប្បធម៌ខ្មែរពណ្ណរាយបាន ទាល់តែខ្មែររួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ជួយគ្នាថែរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណជាតិ ជាពិសេសរួមគ្នាថែរក្សាសន្តិភាព កសាងអភិវឌ្ឍន៍ជាតិ លុបបំបាត់ឲ្យបាននូវ គំនិតអគតិញុះញង់លាបពណ៌ បំបែកបំបាក់ជាតិ តាមគ្រប់រូបភាព។
ប្រជាពលរដ្ឋអះអាងថា ក្នុងនាមយើងជាជនជាតិខ្មែរ យើងត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កុំបីខាន ដើម្បីបង្ហាញពីការរួមសាមគ្គី បង្រួបបង្រួមជាតិ ឯកភាពជាតិ ជាខ្មែរតែមួយ៕