(ពិភពលោក)៖ ខណៈនេះព្រឹត្តិការណ៍ប្រកួតកីឡា World Cup ២០១៨ កំពុងប្រព្រឹត្តទៅក្នុងទឹកដីនៃសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។ ឆ្លៀតឱកាសនេះ សូមលើកឡើងពីការពិតសំខាន់ៗ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡាលំដាប់ពិភពលោកនេះ ដូចខាងក្រោម៖
១៖ គិតត្រឹមឆ្នាំ២០១៨ នេះជាការប្រកួតកីឡា FIFA World Cup លើកទី២១ និងមានរយៈពេល៨៨ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ប្រកួតកីឡាលើកដំបូង ដែលត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៣០ ក្នុងប្រទេស អ៊ុយរ៉ាហ្គាយ ហើយនេះជាលើកទីមួយដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។
២៖ ក្នុងប្រវត្តិសាស្ត្រនៃការប្រកួត World Cup ប្រទេស ប្រេហ្ស៊ីល ជាប្រទេសដែលទទួលបានកាតក្រហមច្រើនជាងគេ រហូតដល់១១ដង ចំណែកអាហ្សង់ទីន ទទួលបាន១០ដង និងអ៊ុយរ៉ាហ្គាយបានចំនួន៩ដង។
៣៖ ប្រទេស អ៊ៀកឡង់ និងប៉ាណាម៉ា ជាប្រទេសដែលចូលរួមក្នុងការប្រកួតកីឡាលំដាប់ពិភពលោកនេះឆ្នាំ២០១៨ ជាលើកដំបូង។
៤៖ ប្រទេសប្រេស៊ីល ជាប្រទេសតែមួយគត់ដែលចូលរួមក្នុងការប្រកួតរាល់លើក (២១ដង) ដោយមិនធ្លាប់អវត្តមានសូម្បីតែម្តង។
៥៖ ក្នុងការប្រកួតឆ្នាំ២០១៨ មាន៣២ប្រទេសចូលរួមប្រកួតក្នុងពហុកីឡដ្ឋានទាំង១២ ក្នុងទីក្រុងចំនួន១១ របស់សហព័ន្ធរុស្ស៊ី។
៦៖ ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡា World Cup ក្រុមកីឡាករណាដែលមានជាតិសាសន៍ខុសពីគ្រូបង្វឹករបស់ខ្លួន មិនធ្លាប់ទទួលបានជោគជ័យទាល់តែសោះ។
៧៖ រហូតមកទល់ការប្រកួតលើកទី២១នេះ មានតែបួនដងប៉ុណ្ណោះ ដែលក្រុមកីឡាករអាចឈ្នះគ្រប់ការប្រកួតរបស់ពួកគេ។ ជាក់ស្ដែងអ៊ុយរ៉ាហ្គាយឈ្នះគ្រប់ការប្រកួត៤/៤ (ឆ្នាំ១៩៣០) អ៊ីតាលីឈ្នះគ្រប់ការប្រកួត ៤/៤(ឆ្នាំ១៩៣៨) និងប្រេហ្ស៊ីលឈ្នះគ្រប់ការប្រកួត៦/៦(ឆ្នាំ១៩៧០) និង៧/៧ (ឆ្នាំ២០០២)។
៨៖ ប្រទេស ហ្ស៊ីមបាវេ ស្ទើរតែបានចូលរួមក្នុងការប្រកួត World Cup ឆ្នាំ២០១៨នេះ ជាលើកដំបូង។ ជាអកុសលប្រទេសនេះត្រូវបាត់បង់ឱកាស ដោយសារមិនមានលទ្ធភាពក្នុងការចំណាយប្រាក់ជួលគ្រូបង្វឹក ទើបត្រូវបានសហព័ន្ធកីឡា FIFA លុបឈ្មោះចេញពីការប្រកួតលើកនេះ។
៩៖ រាប់ចាប់តាំងពីការប្រកួតឆ្នាំ១៩៥៨ វាជាលើកដំបូងហើយដែលប្រទេស អ៊ីតាលីត្រូវបានដកចេញពីការប្រកួត world Cup នៅរុស្ស៊ី ក្នុងឆ្នាំ២០១៨នេះ។
១០៖ ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅរុស្ស៊ីដើម្បីទស្សនាការប្រកួតកីឡានេះ មិនទាមទារនូវទិដ្ឋការនោះទេ ផ្ទុយទៅវិញពួកគេតម្រូវឱ្យមានតែឯកសារសំខាន់ៗពាក់ព័ន្ធនឹងការធ្វើដំណើរតែប៉ុណ្ណោះ៕