(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេលជាង ៨ខែមកនោះ ស្ពានថ្មើរជើងលើអាកាសនៅរង្វង់មូលនាងគង្ហីង នឹងបន្តការដំឡើងគ្រោងដែកកាត់ទទឹងផ្លូវចុងក្រោយ នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ដើម្បីរក្សាសុវត្ថិភាពជូនអ្នកធ្វើដំណើរ សាលារាជធានីភ្នំពេញ សម្រេចបិទផ្លូវនៅម្ដុំស្ដុបនាងគង្ហីងជាបណ្ដោះអាសន្នសិន នៅយប់ថ្ងៃទី១៨ ខែមិថុនានេះ ចាប់ពីម៉ោង០៩៖០០ ដល់ម៉ោង០៥៖០០ទៀបភ្លឺ ចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងពេលដំណើរការដ្ឋានដំឡើងគ្រោងដែកកាត់ទទឹងផ្លូវលើកចុងក្រោយនេះ សាលារាជធានីភ្នំពេញ បានស្នើសូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ ទីតាំងការដ្ឋាននៅវេលាយប់នេះ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។
សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះសាងសង់ក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ៣លានដុល្លារអាមេរិក។
ស្ពាននេះសាងសង់ឡើង ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់បណ្តាផ្លូវនានា នៅជុំវិញរង្វង់មូលនាងគង្ហីងតែម្តង។ ផ្លូវនេះត្រូវបានចាក់សសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងផងដែរ៕