(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះមកសំណេះសំណាល និងប្រគល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅបុរីឧទ្យានតាង៉ូវ ចំនួន២៥៩គ្រួសារ ក្រោយពីពួកគាត់រស់នៅមិនមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជាង៧ឆ្នាំកន្លងមកនេះ។
ពិធីដែលបានធ្វើនៅក្នុងបុរីឧទ្យានតាង៉ូវ ស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏មានការចូលរួមពី អភិបាលរងរាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធ និងលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ នាពេលនេះ មានចំនួន២៥៩គ្រួសារ ឬខ្នងផ្ទះ ដោយប្រជាពលរដ្ឋត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ពេលបានប័ណ្ណនេះហើយ អាចយកទៅផ្ទេរកម្មសិទ្ធិតែម្តង ហើយតម្លៃនៃការផ្ទេរនេះ ត្រឹមតែ៦០ម៉ឺនរៀល។
ជាមួយគ្នានោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មានផលប្រយោជន៍២យ៉ាង ពោលគឺប្រជាពលរដ្ឋ ក៏បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ ដោយមានផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន។ ចំណែករដ្ឋវិញបានទទួលប្រាក់ពីការបង់ពន្ធ អចលនទ្រព្យនេះផងដែរ។
បើតាមលោក ឃួង ស្រេង កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀត រហូតដល់៤នាក់ ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់ គឺត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះ តាមចំនួនដង។
ដោយមើលឃើញពីការលំបាកនេះ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋ មកបង់ត្រឹមតែម្តង លើកចុងក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានបញ្ជាក់ដែរថា ចំពោះការលើកលែងនេះ មានសុពលភាពត្រឹមតែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ បើហួសពីពេលនេះទៅ គឺរដ្ឋាភិបាលនឹងអនុវត្តដដែរ ដោយមិនមានការលើកលែងទៀតទេ ដូច្នេះលោកសូមប្រជាពលរដ្ឋ ប្រញ៉ាប់ទៅបង់ពន្ធប្រថាប់ត្រា ឲ្យបានលឿនទៅតាមការកំណត់ នៃការលើកលែងនេះ៕