(ភ្នំពេញ)៖ ស្ថានទូតជប៉ុន នឹងសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន (JFAC) រៀបចំពិធីបុណ្យតាណាបាតា ប្រចាំឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា កម្មវិធីវប្បធម៌នេះ នឹងចូលរួមអបអរសាទរដល់ខួបអនុស្សាវរីយ៍ ៦៥ឆ្នាំ នៃមិត្តភាពជប៉ុន និងកម្ពុជា។ ក្រៅពីពិធីបុណ្យតាណាបាតានេះ ក៏មានកម្មវិធីវប្បធម៌ជាច្រើនផ្សេងទៀត ដូចជាសិក្ខាសាលា ស្តីពីឧបករណ៍តន្ត្រីបុរាណជប៉ុន ការបញ្ចាំងខ្សែភាពយន្ត
គំនូរជីវចលជប៉ុនដ៏ល្បីល្បាញរឿង «One Piece» ថ្នាក់រៀនចម្អិនម្ហូបជប៉ុន សិល្បៈបត់ក្រដាស «អូរីហ្គាមី» សិល្បៈកាត់ក្រដាស «គីរីហ្គាមី» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ការសាកល្បងស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន និងកម្ពុជា ព្រមទាំងការតាំងពិព័រណ៍ផ្សេងៗ នៅក្នុងពិធីបុណ្យនេះ។
សូមជម្រាបថា ពិធីបុណ្យតាណាបាតា ជាពិធីបុណ្យផ្កាយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤ ដោយ CJCC។ ដោយឡែកសម្រាប់ឆ្នាំនេះ មានការចូលរួមសហការរៀបចំដោយ CJCC ស្ថានទូតជប៉ុន និង JFAC ក្នុងគោលបំណងបន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរបន្ថែមទៀត។
ពិធីបុណ្យតាណាបាតា គឺជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី០៧ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្នុងប្រទេសជប៉ុន ដើម្បីរំឭកពីដំណើររឿងរបស់គូស្នេហ៍មួយគូជានារីតម្បាញ និងបុរសគង្វាលគោ ដែលតាមតំណាលរឿង គូស្នេហ៍មួយគូរនេះត្រូវបានបំបែកដោយទន្លេអាមាណុហ្កាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី០៧ ខែកក្កដានេះឯង។ ដូច្នេះហើយទើបប្រជាជនជប៉ុន តែងតែប្រារព្ធពិធី
នេះ នៅថ្ងៃទី០៧ ខែកក្កដា និងនាំគ្នាសរសេរពីបំណងប្រាថ្នារបស់ខ្លួន ហើយចងព្យួរទៅនឹងដើមឬស្សី ដើម្បីបួងសួងសូមឲ្យក្ដីប្រថា្នក្លាយជាការពិត៕