(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាងអស់ នៅស្រុកស្វាយជ្រុំ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបានស្ថេរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។
ការថ្លែងអំពាវនាវបែបនេះ ធ្វើឡើងនៅក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធិផលនានាវត្តស្វាយជ្រុំ ដែលចំណាយថវិកាជួសជុល និងសាងសង់បន្ថែមអស់ជាង១០ម៉ឺនដុល្លារ ព្រមទាំងកាត់ខ្សែបូរសម្ពោធបណ្ណាល័យសាលាបឋមសិក្សា ហ៊ុន សែន ស្វាយជ្រុំស្ថិតក្នុងភូមិបឹងវែង ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលផងដែរ។
លោកស្រីក៏បានបន្តទៀតថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ។ តួយ៉ាងដូចជា ពេលនេះ ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ចូលរួមធ្វើបុណ្យធ្វើទានតាមប្រពៃណីសាសនាក្រោមម្លប់នៃសុខសន្តិភាព។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរ៖ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ថែរក្សាស្ថេរភាពនយោបាយ ថែក្សាការពារនូវសមិទ្ធិផលដែលបានពីការខិតខំរបស់រាជរដ្ឋភិបាល។ លោកស្រីក៏បានលើកឡើងផងដែរនូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាល បានយកយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យជួយសម្រួល ដល់ការអភិវឌ្ឍន៍មូលដ្ឋានតែម្ដង។
នៅក្នុងពិធីនេះដែរលោកស្រី ម៉ែន សំអន បានចែកជូនអំណោយដល់យាយជីតាជីលោកគ្រូអ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធប្រគេនបច្ច័យដល់វត្តស្វាយជ្រំផងដែរ៕