(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ អនុញ្ញាតឲ្យរដ្ឋមន្ត្រក្រសួងការពារជាតិចិន នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួន ក្នុងពេលដែលរូបលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។ ដំណើរទស្សនកិច្ចនៅកម្ពុជានាថ្ងៃម្សិលមិញនេះ លោករដ្ឋមន្ត្រីការពារជាតិចិន ត្រូវបានទទួលស្វាគមន៍យ៉ាងខ្លៀវក្លាបំផុតពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់។
ក្រៅពីការជួបសំណេះសំណាលលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីររួចហើយនោះ ក៏មានការចុះហត្ថលេខាលើពិធីសារមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរផងដែរ។
ជំនួបម្សិលមិញរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិនក៏បានព្រមព្រៀងគ្នាធ្វើលំហាត់សមយុទ្ធយោធានាគមាសនៅឆ្នាំ២០១៩បន្តទៀតផងដែរ បន្ទាប់ពីការការលំហាត់សមយុទ្ធនាគមាសនៅដើមឆ្នាំ២០១៨លើប្រធានបទប្រឆាំងភេរវកម្មទទួលបានជោគជ័យខ្ពស់។
ក្រៅពីបានព្រមព្រៀងគ្នាបន្តធ្វើសមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០១៩ហើយ ភាគីចិនក៏បានផ្តល់ជំនួយប្រមាណ ៦៤៥លានយ័ន ស្មើនឹងជាង ១០០លានដុល្លារផងដែរសម្រាប់ពង្រឹងវិស័យការពារជាតិរបស់កម្ពុជា។
តាមរយៈដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ បានបង្ហាញឲ្យឃើញថា កម្ពុជា និងចិន បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការកាន់ខ្លាំងក្លាជាមួយគ្នាលើវិស័យការពារជាតិ៕