(ក្រចេះ)៖ អណ្តូងទឹកស្អាតចំនួន១០ ដែលជាអំណោយមូលនិធិរបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ត្រូវបានបន្តប្រគល់ជូនប្រជាពលរដ្ឋជិត៣០០គ្រួសារទៀត ស្ថិតនៅក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដែលសកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បុត្រប្រសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត រួមទាំងក្រុមការងារមួយចំនួនទៀត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការខួងអណ្តូងទឹកជូនប្រជាពលរដ្ឋប្រើប្រាស់អស់ទាំងនេះ គឺជាការធ្វើបុណ្យ និងជាការគិតគូយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទដាច់ស្រយាល ឆ្ងាយពីប្រភពទឹកស្អាត តាមរយៈក្រុមការងារ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ក៏ដូចជា ស្វែងយល់ពីតម្រូវការជាក់ស្តែង ដើម្បីដោះស្រាយជួនពួកគាត់ ទៅតាមលទ្ធភាព។
ជាក់ស្តែង ដោយមើលឃើញពីតម្រូវការចាំបាច់ សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលនៅឆ្ងាយពីប្រភពទឹក ខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេសនៅរដូវប្រាំង ទើបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យក្រុមការងារ ធ្វើជូនប្រជាពលរដ្ឋ នៅទីនោះអាស្រ័យផល ដើម្បីបង្កភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
លោកស្រីប្រធានមូលនិធិឲ្យដឹងថា អណ្តូងទាំងនេះជាអំណោយមូលនិធិរបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ដោយត្រូវធ្វើជួនប្រជាពលរដ្ឋ នៅគ្រប់២៥ខេត្តក្រុងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន១ពាន់អណ្តូង។ ហើយរយៈពេល៥ឆ្នាំមកនេះ ក្រុមការងារធ្វើជូនពលរដ្ឋបាន៥០០អណ្តូងហើយ។
ប្រជាពលរដ្ឋដែលបានទទួលអាស្រ័យផល នៃណ្តូងទឹកទាំងអស់ ម្នាក់ៗបានសំដែងនូវក្តីរំភើបសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាវជ្រៅចំពោះម្ចាស់អណ្តូង ពិសេសសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញនូវសេចក្តីត្រូវការផ្សេងៗទៀត នៅពេលដែលពលរដ្ឋ ជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។
ក្នុងឱកាសនៃពិធីប្រគល់អណ្តូងនេះដែរ ដោយមានការស្នើសុំបន្ថែម ពីប្រជាពលរដ្ឋនៅក្នុងឃុំ ស្រុក ខាងលើលោកស្រីប្រធានមូលនិធិ ក៏បានឲ្យក្រុមការងារ ធ្វើថែមជូនប្រជាពលរដ្ឋសរុបចំនួន១២អណ្តូង បន្ថែមទៀតនាពេលឆាប់ៗនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ មកពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ សំរាប់ពលរដ្ឋណាដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ដោយមិនគិតថ្លៃ។ លើសពីនោះ បើមានសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញជូន ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕