(កំពង់ធំ)៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក ថោង ខុន បានលើកជាថា «តើអ្នកដែលបានរំដោះប្រជាជនឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ និងប្រទេសឲ្យមានការរីកចំរើន សន្ដិភាព និងមានការអភិវឌ្ឍដូសព្វថ្ងៃជាអ្នកខុសឬ?»?
លោក ថោង ខុន ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមបក្ស និងសាខាបក្សនៅ ឃុំស្វាយភ្លើង ស្រុកបារាយណ៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។
លោកបានពន្យល់ថា មានតែគណបក្សប្រជាជនតែមួយគត់ ពិសេសក្រោមការដឹកនាំរបស់មគ្គុទ្ទេសក៏ដ៏ឆ្នើម គឺសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិរួចផុតពីគ្រោះប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនដល់ប្រទេសជាតិ។
យ៉ាងណាក៏ដោយ លោក ថោង ខុន ក៏មិនភ្លេចរម្លឹកឡើងវិញអំពីនយោបាយឈ្នះៗ របស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ មានរដ្ឋធម្មនុញ្ញតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ មានស្ថិរភាពនយោបាយ ដែលនាំមកនូវការអភិវឌ្ឍ រហូតដល់សព្វថ្ងៃ។
ប្រធានក្រុមការងារ ក៏បានបង្ហាញនូវអត្ថន័យ នៃលេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជា ផងដែរថា លេខ២០ គឺជាការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលមានរយៈពេល២០ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៨នេះ។ លោកបានប្រាប់ប្រជាពលរដ្ឋថា នេះជាភ័ព្វសំណាង និងជាចំណុចល្អពិសេសមួយ ដែល គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលស្របនឹងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។
លោក ថោង ខុន បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា កម្ពុជា ជាប្រទេសប្រកាន់របបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ និងជាប្រទេសប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះហើយ បានជា ប្រទេសជាច្រើនលើសកលលោកដែលស្រឡាញ់ និងប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងសន្តិភាព បានគាំទ្រចំពោះដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងនោះដែរ លោកក៏បានណែនាំឲ្យសមាជិកបក្សទាំងអស់ត្រូវរៀបចំតុបតែងស្លាកសញ្ញាគណបក្ស មធ្យោបាយ និងឧបករណ៍ បម្រើដល់យុទ្ធការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ សំដៅសម្រេច ឲ្យបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបានណែនាំឲ្យប្រធានក្រុមបក្ស ធ្វើការគ្រប់គ្រងសមាជិកបក្សឲ្យបានល្អ និងខិតខំចលនាឲ្យប្រជាពលរដ្ឋ ម្ចាស់ឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបាន គ្រប់ៗគ្នា ហើយសូមបន្តបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព។ លោកក៏បានរំលឹកកុំឲ្យពលរដ្ឋ ចូលរួមជាមួយ ចលនា «ដេកផ្ទះឈ្នះឯង» តាមការអំពាវនាវ របស់ក្រុមប្រឆាំងឲ្យសោះ ព្រោះការអំពាវនាវនេះ ជាសកម្មភាពខុសច្បាប់។
លោកប្រធានក្រុមការងាររូបនេះ មិនភ្លេចក្រើនរំលឹកដល់ក្រុមបក្សទាំងអស់ត្រូវពង្រឹងស្មារតីដល់សមាជិកបក្ស គ្រប់រូប ឲ្យបន្តថែរក្សាសន្តិភាពឲ្យ បានទោះតម្លៃណាក៏ដោយ ព្រោះមានតែសុខសន្តិភាពប៉ុណ្ណោះ ទើបធ្វើឲ្យការ រស់នៅរបស់ ប្រជាពលរដ្ឋ បានសេចក្តីសុខសប្បាយ មានជីវភាពធូរធា រួមទាំងការអភិវឌ្ឍន៍ ប្រទេសផងដែរ។ ប៉ុន្តែដើម្បីរក្សាបាននូវ សុខសន្តិភាពនោះ គឺយើងត្រូវនាំគ្នាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី២០ ដើម្បីបាន សម្តេច ហ៊ុន សែន ដឹកនាំ ប្រទេសបន្តទៀត។ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយ គត់ ដែលអាចនាំមក នូវសន្តភាព និងការអភិវឌ្ឍពិតប្រាកដជូនដល់ប្រទេសជាតិ៕