(សៀមរាប)៖ ដើម្បីចូលរួមអបសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ សាខាខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុស្រីស្នំ។

ពិធីនេះត្រូវបានធ្វើឡើង​ក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា និងលោកស្រី និងមានការចូលរួមពី ​លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា សមាជិក សមាជិកា សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប​៦២៥នាក់។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ ដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធិផលទី៧ហើយ ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែសីហា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរ នៅខែមករា ឆ្នាំ២០១៨។

បើតាមលោក ឃឹម ប៊ុនសុង អាគារនេះមានក្រឡាផ្ទៃសរុប​១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដី ទំហំ​៧០២ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន»

ម្យ៉ាងវិញទៀត ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនៈវិស័យ៖ រួមចំណែកពន្លឿន ការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ហើយសាខាបានយកចិត្តទុកដាក់ បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤៖ ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។

ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ជើញមកក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំនេះ បានចូលរួមថវិកា ៤,៨០០,០០០​រៀល និង​៤,៦៩០ដុល្លារ ប្រគល់ជូនអនុសាខាស្រុកស្រីស្នំ ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។

ក្នុងពិធីនេះ លោក ឃឹម ប៊ុនសុង បានឧបត្ថម្ភជូន ដូនជី តាជី​ សំពត់ស១ដុំ ថវិកា​២ម៉ឺនរៀល, ប្រជាពលរដ្ឋ​ អ្នកស្ម័គ្រចិត្ត​ សារុង១ ថវិកា​១ម៉ឺរៀល, យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ ​និងសិស្សនុសិស្ស សៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា​១ម៉ឺនរៀល៕