(កំពង់ធំ) ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីភូមិ-ឃុំ ចុះទៅសំណេះសំណាលសាកសួរសុខ និងនាំយកអំណោយមួយចំនួនជូនដល់ទុរគត់ជនក្រីក្រឈ្មោះ ផៃ សុខា ជាស្ត្រីមេម៉ាយ ដែលមានជីវភាពក្រលំបាក រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ស្ត្រីមេម៉ាយរូបនេះ បានឱ្យដឹងថា គាត់មានអាយុ៣២ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រកបរបរដើរស៊ីឈ្នួលលាងចានឆ្នាំង បោកខោអាវឲ្យគេគ្រាន់បានប្រាក់កម្រៃបន្តិចបន្ទួចសម្រាប់ចិញ្ចឹមកូនចំនួន៣នាក់ ក្រោយពេលដែលស្វាមីគាត់បានទទួលមរណៈភាពចោលគាត់ទៅរយៈពេល៧ឆ្នាំមកហើយ។ គាត់និងកូនទាំង៣នាក់ បានរស់នៅក្នុងខ្ទមកំសត់ ដំបូលធ្លុះធ្លាយ ហើយមានតែគ្រែមួយប៉ុណ្ណោះពេលភ្លៀងម្ដងៗគាត់ត្រូវអង្គុយសំកុកទទូរកៅស៊ូការពារទឹកភ្លៀងឱបកូនទាំងបី លាយឡំនិងដំណក់ទឹកភ្នែក ជាមួយដំណក់ទឹកភ្លៀង រហូតដល់ភ្លៀងរាំងទើបបានសម្រាក។
ស្រ្តីទុរគតរូបនេះ បានបញ្ជាក់ទៀតថា គាត់នឹងកូនទាំង៣នាក់ មិនដែលបានទទួលទានអាហារដែលមានរស់ជាតិឆ្ងាញ់បរិភោគម្តងណាឡើយ ពេលខ្លះត្រូវនាំកូនហូបបាយជាមួយអំបិល ឬប្រហុក ហើយបានហូបអាហារដែលមានរស់ជាតិឆ្ងាញ់ម្តងម្កាលពោលគឺពេលមានពិធីបុណ្យទាន ឬពិធីអាពាហ៍ពិពាហ៍ ដែលគេជួលគាត់ឲ្យទៅលាងចានតែប៉ុណ្ណោះ ទើបគាត់បានហូបអាហារឆ្ងាញ់។
សូមបញ្ជាក់ថាអំណោយដែរលោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដល់ជូនស្ត្រីមេម៉ាយកំសត់រូបនោះរួមមាន៖ អង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន០២កេស មុងជ្រលក់ថ្នាំចំនួន២ នឹងថវិកាចំនួន១២០,០០០រៀល៕