(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានថ្លែងថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានសកម្មភាព ផុលផុសបន្ថែមទៀត ប្រជាការពារភូមិត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរដែនដីក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យ បានល្អប្រសើរជូនប្រជាពលរដ្ឋ។
លោកថ្លែងបែបនេះនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញចូលរួមសំណេះសំណាល និងចែកឯកសណ្ឋាន ប្រជាការពារសកម្មទាំង១៤ភូមិ ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកអនុប្រធានសេនាធិការ លោកអធិការ អធិការរង នាយ នាយរងផ្នែក និងប្រជាការពារសកម្មសរុប៩៩នាក់ (ប្រជាការពារ ៨២ នាក់)។
លោកឧត្តមសេនីយ៍ទោ កឹង ឃន បានថ្លែងបន្តទៀតថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងមូលដ្ឋានកាន់តែរឹងមាំក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ បានរៀបចំបង្កើតកម្លាំងប្រជាការពារនេះឡើង ដើម្បីចូលរួមការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន។
លោកក៏បានបញ្ជាក់ជូនអំពី តួនាទីភារកិច្ចរបស់កម្លាំងប្រជាការពារថា កម្លាំងប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្តក្នុងការចូលរួមសហការជាមួយកម្លាំងប្រជាការពារប៉ុស្តិ៍រដ្ឋបាលក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយរាល់កើតមានសភាពការណ៍នៃបទល្មើសជាក់ស្តែងកម្លាំងប្រជាការពារគឺត្រូវមានភារកិច្ចបង្ក្រាបចាប់ជនប្រព្រឹត្តល្មើសយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍ ឬសមត្ថកិច្ចកងរាជអាវុធ ដើម្បីមានវិធានការក្នុងការសាកសួរចម្លើយ និងរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់។
ក្នុងពិធីនោះលោកឧត្ដមសេនីយ៍ទោ កឹង ឃន ក៏បានចែកជូនឯកសណ្ឋានដល់ប្រជាការពារចំនួន៨២នាក់ ក្នុងម្នាក់ៗទទួលបានឯកសណ្ឋាន១កំផ្លេរ ថវិកា១ម៉ឺនរៀល និងបានឧបត្ថម្ភ ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង និងព្រីនធ័រ១គ្រឿង ដល់ការអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ៕