(កំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូបង្រៀន និងគ្រូពេទ្យទូទាំងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចំនួន៧៣១នាក់ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា បទពិសោធន៍ ចំណេះដឹង និងស្នាដៃ ដែលពលរដ្ឋទាំងអស់គួរគិតពិចារណា ដើម្បីជ្រើសរើសគណបក្ស ក៏ដូចជាមេដឹកនាំមួយរូបដ៏ល្អ។
បើតាមលោក ឆាយ ថន ការជ្រើសរើសបក្សប្រជាជន គឺសម្រាប់បន្តការដឹកនាំប្រទេសជាតិ ដែលកំពុងតែរីកចម្រើនលូតលាស់ដូចសព្វថ្ងៃ ឲ្យរីកចម្រើនតទៅមុខបន្ថែមទៀត ហើយបន្តធានាបានសុខសន្តិភាព គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានបទពិសោធន៍ជោគជាំ ប្រឈមមុខតស៊ូជម្នះដោះស្រាយបញ្ហាបានគ្រប់កាលៈទេសៈស្មុគស្មាញ និងការវិវត្តន៍ថ្មីៗ ដែលកើតមានលើសកលលោក។
លោកទេសរដ្ឋមន្ដ្រី ឆាយ ថន បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាស្នូល នៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម នៃប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេស និងដឹកនាំគណបក្សឆ្លងកាត់ដំណាក់កាលនានា ដ៏សែនលំបាកប្រកបដោយភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ និងប្រជាជន។
ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោត និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នា។
ជាទីបញ្ចប់ ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀន និងគ្រូពេទ្យទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវៈ ដើម្បីប្រជាពលរដ្ឋ៕