(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន, ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចលេខ៧០ ស្នើដល់រដ្ឋមន្ដ្រីក្រសួងការពារប្រទេសរបស់ចិន បន្ដផ្ដល់សម្ភារបរិក្ខារ និងគ្រឿងបំពាក់ សម្រាប់វរសេនាតូចទ័ពពិសេស-ប្រឆាំងភេរវកម្ម ដែលមាន៥កងអនុសេនាធំ នៅឆ្នាំ២០១៩។
ក្នុងជំនួប នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បញ្ជាក់ថា សម្ភារបរិក្ខាដែលស្នើសុំនោះ សម្រាប់ចេញប្រតិបត្តិការ ការពារសន្ដិសុខ សុវត្ថិភាពរាជធានីភ្នំពេញ និងសម្រាប់បម្រើឲ្យក្បូនព្យុះហយាត្រា ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃកំណើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
ក្រៅពីសម្ភារបរិក្ខានោះ ឧត្តមសេនីយ៍មេបញ្ជាការ ក៏បានស្នើមិត្តចិន ផ្ដល់ឧបករណ៍បម្រើឲ្យការហ្វឹកហ្វឺនដូចជា ស៊ីបចល័ត ស៊ីបស្វ័យប្រវត្តិ និងគ្រឿងចក្រ សម្រាប់វរសេនាតូចវិស្វកម្ម ដើម្បីធានាដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងឈូសឆាយធ្វើទីលានបាញ់គ្រាប់ពិត នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ដែលមានផ្ទៃដីសរុប ១៧,០០០ហិចតា។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ប្រាប់ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ថា រាជរដ្ឋាភិបាល និងប្រជាជនចិន នឹងបន្ដផ្ដល់ជំនួយទាំងសម្ភារ និងការហ្វឹកហ្វឺន ដល់កងពលតូចលេខ៧០ និយាយដោយឡែក និងនិយាយជារួមគឺដល់ កងយោធពលខេមរភូមិន្ទរបស់កម្ពុជាថែមទៀត។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះប្រជាជនចិន ដែលតែងតែផ្ដល់ជំនួយ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស និងជំនួយជាសម្ភារបរិក្ខាយោធាឲ្យកងទ័ពកម្ពុជា និងនិយាយដោយឡែក ផ្ដល់ឲ្យកងពលតូចលេខ៧០ ដើម្បីកម្ពស់សមត្ថភាពកងទ័ព ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្ដិសុខសុវត្ថិភាព ស្ថិរភាពនយោបាយ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕
\