(ភ្នំពេញ)៖ ទីបំផុត! ក្ដីស្រម៉ៃរបស់កីឡាការិនីស្នូកឃ័រឆ្នើម ស្រួង ភាវី ដែលកំពុងរស់នៅ និងដណ្ដើមបានពានជាច្រើន នៅសាធារណៈរដ្ឋកូរ៉េ បានក្លាយជាការពិតហើយ ក្រោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ត្រៀមប្រកាសសុពលភាពដំណើរការសហព័ន្ធជាថ្មី ដោយមានលោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺជាប្រធាន គ្រាដែលលោកស្រី ស្រួង ភាវី ត្រូវបានតែងតាំងជាសមាជិកប្រតិបត្តិសហព័ន្ធ។
ក្តីស្រម៉ៃរបស់កីឡាការិនីដែលមានដើមកំណើតខ្មែររូបនេះ ដែលបានប្រកាសថា នឹងលេងតំណាងឲ្យប្រទេសកម្ពុជានោះ បានកើតមានឡើងក្រោមការយកចិត្តទុកដាក់ និងមានការសម្របសម្រួលពីលោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង លោក ឡង់ ឌីម៉ង់។
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ គ្រួសារកីឡាស្នូកឃ័រកម្ពុជា បានរៀបចំមហាសន្និបាតបណ្ដោះអាសន្នមួយ ដើម្បីផ្លាស់ប្ដូរគំនិត និងកែតម្រូវចំណុចខ្វះខាត មុនឈានទៅប្រកាសបង្កើតសហព័ន្ធផ្លូវការ។ មហាសន្និបាតនេះ បានធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជាសាក្សី ហើយលោកបានចែករំលែកនូវបទពិសោធន៍ និងគន្លឹះជាច្រើន ជុំវិញនIតីវិធីបង្កើតសហព័ន្ធ ការជំរុញសហព័ន្ធឲ្យមានសកម្មភាព និងទទួលបានផ្លែផ្កាតាមផែនការ ។
លោក មួន ម៉ារ៉ា ដែលត្រូវបានចាត់តាំងជាអគ្គលេខាធិការសហព័ន្ធ បានលើកឡើងថា តាមរយៈការបង្កើតសហព័ន្ធ វាគឺជាឱកាស ដើម្បីជំរុញកីឡាស្នូកឃ័រកម្ពុជាឲ្យមានការរីកចម្រើន និងត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសគឺផ្ដល់ឱកាសអ្នកមានសមត្ថភាពបានចេញទៅប្រកួតលើឆាកអន្ដរជាតិ ជាក់ស្ដែងកីឡាការិនី ស្រួង ភាវី ដែលកំពុងលេងឲ្យក្លឹប នៃសាធារណៈរដ្ឋកូរ៉េ លោកស្រីកំពុងរង់ចាំឱកាសនេះ ដើម្បីត្រឡប់មកជួយដល់ក្រុមកីឡាស្នូកឃ័រកម្ពុជា ហើយប្ដេជ្ញាចិត្តមិនលេងតំណាងឲ្យប្រទេសណា ក្រៅពីកម្ពុជាឡើយ។
លោកថា «យើងមានលោកស្រី ស្រួង ភាវី គឺជាគំរូ ដោយគាត់នៅកូរ៉េ ប៉ុន្ដែគាត់ជាជនជាតិខ្មែរ ហើយគាត់ចង់ក្លាយជាជម្រើសជាតិកម្ពុជា ប៉ុន្ដែអត់ទាន់មានសហព័ន្ធយើងពិបាកក្នុងការប្រកួត។ តែឥឡូវក្រោយយើងបង្កើតសហព័ន្ធនេះ គាត់នឹងមកចូលរួម....។ បន្ថែមលើនេះ យើងបានតែងតាំងគាត់ជាសមាជិកសហព័ន្ធ ដើម្បីផ្ដល់យោបល់ និងបច្ចេកទេសផ្សេងៗ ដល់កីឡាករកម្ពុជា» ។ ការលើកឡើងនេះ ក្រោយលោកទទួលបានដំណឹងមានក្លឹបបរទេសទាក់ទង ស្រួង ភាវី លេងឲ្យក្រុមជម្រើសជាតិគេ តែត្រូវបានលោកស្រីបដិសេធ ដោយប្ដេជ្ញាលេងឲ្យតែប្រទេសកំណើតខ្លួនមួយគត់។
សូមរំឭកថា ស្រួង ភាវី គឺជាស្ដ្រីខ្មែរដ៏ឆ្នើម និងដណ្ដើមបានពានមិនតិចជាង២០ឡើយ ក្រោយរៀបការជាមួយស្វាមីជាជនជាតិកូរ៉េ ហើយទៅរស់នៅកូរ៉េកាលពីឆ្នាំ២០១០។ មិនតែប៉ុណ្ណោះ កីឡាការិនីមានដើមកំណើត នៅខេត្តត្បូងឃ្មុំនេះ ថែមទាំងធ្លាប់ឈ្នះជើងឯករងពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥ ទៀតផង។ តែយ៉ាងណាឆន្ទៈ និងទឹកចិត្តរបស់ ភាវី នៅតែដក់ជាប់នឹងប្រទេសកម្ពុជា ដោយចង់លេងឲ្យកម្ពុជាជានិច្ច ទោះបីមានប្រទេសមួយចំនួន ចង់ឲ្យនាងចូលសញ្ជាតិ និងលេងឲ្យជម្រើសជាតិគេក៏ដោយ។
ចំពោះសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា អាណត្តិទី១ ដែលត្រៀមប្រកាសសុពលភាពផ្លូវការក្នុងពេលឆាប់ៗខាងមុខវិញ រួមមានលោក ជុំ កុសល ជាប្រធាន ខណៈលោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាប្រធានស្ដីទី, លោកឧកញ៉ា សៅ វល័ក្ខណ៍ អនុប្រធាន, លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ, លោក សុខ ទី អគ្គហិរញ្ញិក, លោក យឺន ពន្លក អគ្គលេខាធិការរង, លោកមេធាវី ភិន ឈុនទៀង ទីប្រឹក្សាច្បាប់។ រីឯសមាជិកមាន ៦នាក់ រួមមានលោកស្រី ស្រួង ភាវី, លោក ឆាយ បញ្ញា, លោក នួន រតនៈ, លោក ជា វ៉ាន់សាន្ត, លោក សែម សុវ័ន និងលោក ភួង សំអុន៕